ការឈឺចាប់ពីស្នេហាចាស់ ជួនកាលអាចធ្វើឱ្យអ្នករាងចាល រហូតបិទបេះដូងមិនព្រមទទួលយកអ្នកថ្មីចូលមកក្នុងជីវិត។ រាល់ទំនាក់ទំនងក្នុងគ្រាកន្លងមក សុទ្ធតែបានបង្រៀនមេរៀនឱ្យអ្នក។ ការមានស្នេហាម្ដងទៀត មិនមែនគ្រាន់តែជាការបើកផ្លូវឱ្យខ្លួនឯងជួបជាមួយនឹងមនុស្សថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការកែប្រែផ្នត់គំនិត និងអភិវឌ្ឍខ្លួនឯងទន្ទឹមគ្នា។
ស្នេហាថ្មីក៏មិនប្រាកដថា សុទ្ធតែអាចនាំឱ្យអ្នកខកបំណង ឬឈឺចាប់ដូចស្នេហាចាស់នោះទេ។ ពេលខ្លះ ស្នេហាដែលអ្នកប៉ងប្រាថ្នាកំពុងតែរង់ចាំអ្នកនៅខាងមុខ ឱ្យតែអ្នកហ៊ានបើកឱ្យវាចូលមកក្នុងជីវិតម្ដងទៀត។ ខាងក្រោមនេះ គឺជា ៦ ចំណុចដែលអ្នកគួរដឹង ដើម្បីឱ្យបេះដូងជឿជាក់លើស្នេហាម្ដងទៀត៖
១. រៀនសូត្រពីអតីតកាល តែមិនត្រូវជាប់ជំពាក់នឹងកំហុសចាស់
របួសពីស្នេហាមុនៗ អាចធ្វើឱ្យអ្នកភ័យខ្លាចក្នុងការចាប់ផ្ដើមថ្មី។ ប៉ុន្តែ ជំនួសឱ្យការបណ្តោយឱ្យភាពភ័យខ្លាចចាស់មកគ្របដណ្ដប់ជីវិតក្នុងពេលបច្ចុប្បន្ន សាកល្បងក្រឡេកមើលទៅក្រោយវិញថា តើអ្នកបានរៀនសូត្រអ្វីខ្លះពីទំនាក់ទំនងចាស់នោះ? ទាំងការជ្រើសរើសដៃគូ ទំនាក់ទំនង និងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ ដូច្នេះ អ្នកគួរយកមេរៀនទាំងនោះមកអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ សម្រាប់ទំនាក់ទំនងថ្មី។
២. ស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់
មុននឹងស្រឡាញ់នរណាម្នាក់ អ្វីដែលសំខាន់បំផុតគឺត្រូវស្គាល់ និងស្រឡាញ់ខ្លួនឯងជាមុនសិន។ សាកល្បងសួរខ្លួនឯងថា តើអ្វីទៅដែលអ្នកត្រូវការក្នុងទំនាក់ទំនងថ្មី? សម្រាប់បញ្ហានីមួយៗ តើមានដែនកំណត់ណាមួយដែលអ្នកនឹងមិនអាចទទួលយកបាន? តើអ្នកនឹងផ្ដល់អ្វីទៅដៃគូខ្លះនៅក្នុងទំនាក់ទំនងនេះ?
ការស្គាល់ និងដឹងពីគោលបំណងរបស់ខ្លួនឯងច្បាស់ នឹងជួយឱ្យអ្នកអាចជ្រើសរើសមនុស្សត្រូវ និងដឹងពីទិសដៅក្នុងទំនាក់ទំនង។
៣. បើកចំហ និងស្មោះត្រង់
ទំនាក់ទំនងល្អគឺជាគ្រឹះនៃស្នេហារឹងមាំ។ កុំខ្លាចក្នុងការនិយាយពីអារម្មណ៍ តម្រូវការ ឬចំណុចដែលអ្នកព្រួយបារម្ភឱ្យដៃគូដឹង ប៉ុន្តែការជជែកគ្នានោះ គឺត្រូវធ្វើឡើងដោយការផ្ដល់កិត្តិយស និងយកចិត្តទុកដាក់ដល់ដៃគូរបស់អ្នក។ ការនិយាយគ្នាដោយបើកចំហ និងស្មោះត្រង់ នឹងជួយបង្កើតទំនុកចិត្ត និងបង្កើនការយល់ចិត្តគ្នាឱ្យកាន់តែប្រសើរ។
៤. ពេលវេលាជាគន្លឹះ
ដើម្បីបង្កើតជីវិតគូល្អមួយ គឺត្រូវការពេលវេលា។ កុំប្រញាប់ប្រញាល់ ឬបង្ខំឱ្យគ្រប់យ៉ាងល្អឥតខ្ចោះតាំងពីដំបូង។ ផ្តល់ពេលវេលាក្នុងការស្វែងយល់គ្នា រៀនសូត្រពីអត្តចរិត និងសន្សឹមៗកសាងចំណងទំនាក់ទំនងនោះទៅតាមសម្រួល។ ទំនាក់ទំនាក់ដែលកើតឡើងដោយការសិក្សាពីគ្នា ច្រើនតែរឹងមាំ និងស្ថិតស្ថេរ។
៥. រក្សាភាពជាខ្លួនឯង
ការមានស្នេហា មិនមែនមានន័យថា អ្នកត្រូវបោះបង់ភាពជាខ្លួនឯង ឬផ្លាស់ប្តូរគ្រប់យ៉ាងដើម្បីដៃគូនោះទេ។ អ្នកនៅតែអាចបន្តធ្វើអ្វីដែលអ្នកស្រឡាញ់ មានពេលវេលាផ្ទាល់ខ្លួន និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រួសារ។ ការរក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងជីវិតគូ គឺជារឿងសំខាន់។
៦. ជឿជាក់លើសេចក្ដីស្នេហាម្តងទៀត
ទោះបីជាធ្លាប់ខកចិត្តពីមុនមកក្ដី ប៉ុន្តែកុំបិទផ្លូវខ្លួនឯងពីឱកាសក្នុងការជួបស្នេហាល្អៗម្ដងទៀត។ បើកចិត្តឱ្យទូលាយ មើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងជឿជាក់ថាស្នេហាដែលសក្តិសមនឹងអ្នកកំពុងតែរង់ចាំអ្នកនៅទីណាមួយ។ ជួនកាល ជីវិតគូដែលអ្នកត្រូវការ អាចនឹងកើតឡើងបន្ទាប់ពីអ្នកបានឆ្លងកាត់ការបែកបាក់ ការខកបំណង និងក្រោយពីអ្នកបានសិក្សាពីកំហុសចាស់៕