ថ្មីៗនេះក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។














































