នៅពេលត្រូវទៅធ្វើការកន្លែងថ្មី អ្នកអាចមានអារម្មណ៍រំភើប លាយឡំនឹងភ័យក៏ព្រោះតែអ្នកត្រូវទៅជួបមនុស្ស និងមជ្ឈដ្ឋានថ្មីៗ។ យ៉ាងណាមិញ នៅពេលដែលដឹងថា មិត្តភក្ដិជិតស្និទ្ធរបស់អ្នកក៏ធ្វើការនៅកន្លែងតែមួយនេះដែរ អារម្មណ៍ភ័យព្រួយអាចនឹងរលាយបាត់ទៅវិញ ព្រោះទំនុកចិត្តដែលគិតថា យ៉ាងណាក៏មានអ្នកស្គាល់គ្នាធ្វើការនៅកន្លែងតែមួយ។

យោងតាមការអង្កេតរបស់ Gallup ក្នុងឆ្នាំ ២០២២ បានរកឃើញថា ការមានមិត្តជិតស្និទ្ធក្នុងកន្លែងធ្វើការជួយឱ្យការងារប្រសើរឡើង មានទំនោរក្នុងការសហការជាមួយអតិថិជន និងផ្នែកផ្សេងៗបានល្អជាងមុន ព្រមទាំងសម្រេចការងារបានច្រើនក្នុងរយៈពេលខ្លី។ ស្របពេលជាមួយគ្នានេះ ការអង្កេតរបស់ Wildgoose នៅឆ្នាំ ២០២១ បង្ហាញថា ៥៧% នៃអ្នកចូលរួមក្នុងការស្ទង់មតិនិយាយថា ការមានមិត្តល្អនៅកន្លែងធ្វើការជួយឱ្យពួកគេមានសេចក្តីសុខក្នុងការងារកាន់តែខ្លាំង។
ក្នុងដំណាក់កាលដំបូង វាហាក់ដូចជាជារឿងល្អណាស់។ ប៉ុន្តែនៅពេលយូរទៅ ការងារកាន់តែមានភាពបញ្ហាប្រឈម និងសម្ពោធ មិត្តដែលធ្លាប់តែត្រូវគ្នា ក៏អាចចាប់ផ្តើមមានគំនិតខុសគ្នា។ បើសិន នេះជារឿងផ្ទាល់ខ្លួន អ្នកប្រហែលជាអាចយល់ព្រមតាមគ្រប់រឿង និងមិនគិតច្រើនទេ ប៉ុន្តែក្នុងរឿងការងារ ការយល់ស្របតាមរហូតអាចនឹងប៉ះពាល់ដល់លទ្ធផលការងារ ដែលអាចនាំផលអវិជ្ជមានមកដល់អ្នកនៅពេលក្រោយទៀត។
ខណៈពេលខ្លះក៏ទាមទារឱ្យមានការប្រកួតប្រជែងគ្នា ដែលធ្វើឱ្យមិត្តដែលអ្នកធ្លាប់ស្គាល់ច្បាស់ពីមុនមក អាចនឹងផ្លាស់ប្តូរអាកប្បកិរិយាខុសពីមុន។ ហេតុដូច្នេះ ការជជែកវែកញែកដោយប្រើហេតុផលរៀងៗខ្លួន ជួនកាលរឹតតែធ្វើឱ្យបញ្ហាប្រេះស្រាំកាន់តែកើនឡើង។

Amy Cooper Hakim អ្នកប្រឹក្សាយោបល់ផ្នែកការងារ និងជាអ្នកនិពន្ធសៀវភៅ Working With Difficult People បានលើកឡើងថា មជ្ឈដ្ឋានការងារដែលមានការប្រកួតប្រជែងដើម្បីសម្រេចគោលដៅ មិនមែនជាកន្លែងដែលអំណោយផលសម្រាប់ទំនាក់ទំនងដែលស្មោះត្រង់បំផុតនោះទេ។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេដែលមនុស្សមួយចំនួនមានអារម្មណ៍ទើសទាល់ពេលធ្វើការជាមួយមិត្តជិតស្និទ្ធ។
លើសពីនេះ គេហទំព័រ Career Contessa ពន្យល់ថា មិត្តភាពជិតស្និទ្ធធ្វើឱ្យ “ព្រំដែន” រវាងរឿងការងារ និងរឿងផ្ទាល់ខ្លួនប្រែជាមិនច្បាស់លាស់។ នៅពេលអ្នកដឹងពីរឿងរ៉ាវផ្ទាល់ខ្លួន និងអត្តចរិតរបស់គ្នាទៅវិញទៅមកច្រើនពេក ជម្លោះតូចតាចក្នុងរឿងការងារអាចនឹងក្លាយជារឿងធំ និងក្លាយជារឿងផ្ទាល់ខ្លួនបានយ៉ាងងាយ។

បើមិនចង់បាត់បង់ទាំងមិត្តភក្តិ និងការងារ តើក្នុងគួរធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ?
ទោះបីជាការធ្វើការជាមួយមិត្តភក្តិអាចមានបញ្ហស្មុគស្មាញមួយក្នុងការថែរក្សាមិត្តភាព និងការងារក្នុងពេលតែមួយ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចធ្វើការជាមួយគ្នាបាននោះទេ។ វិធីសាស្ត្រដែលអ្នកជំនាញណែនាំមានដូចជា៖
- កំណត់ព្រំដែនឱ្យច្បាស់លាស់៖ Amy Cooper Hakim ណែនាំឱ្យកំណត់ព្រំដែនរវាងទំនាក់ទំនងក្នុងកន្លែងធ្វើការ និងទំនាក់ទំនងផ្ទាល់ខ្លួនឱ្យច្បាស់។ ក្នុងម៉ោងការងារ អ្នកអាចជាមិត្តរួមការងារដែលមានលក្ខណៈវិជ្ជាជីវៈ ប៉ុន្តែក្រោយម៉ោងការងារ អ្នកក៏អាចត្រឡប់មកជាមិត្តជិតស្និទ្ធនឹងគ្នាដូចដើម។
- វិភាគជម្លោះ៖ យោងតាម Fast Company អ្នកត្រូវបែងចែកជម្លោះជា ៣ ប្រភេទ រួមមាន បញ្ហាដែលកើតឡើងម្តងម្កាលតែធ្ងន់ធ្ងរ, បញ្ហារ៉ាំរ៉ៃដែលពិបាកកែប្រែ, និងជម្លោះតូចតាច។ បើជាជម្លោះប្រភេទទីមួយ ដូចជាការមានគំនិតផ្សេងគ្នា នៅពេលអ្នកត្រូវទទួលខុសត្រូវលើគម្រោងធំណាមួយ អ្នកត្រូវស្វែងរកដំណោះស្រាយរួមគ្នា។ ខណៈក្នុងករណីជម្លោះតូចតាចដែលមិនមានផលប៉ះពាល់ដល់លទ្ធផលការងារទេ អ្នកអាចមើលរំលងវាបាន។
- ពិភាក្សាគ្នាដោយចិត្តត្រជាក់៖ នៅពេលខឹង ខួរក្បាលដែលប្រើប្រាស់ដើម្បីស្វែងរកហេតុផល តែងតែដើរយឺតជាអារម្មណ៍។ ដូច្នេះ សូមរង់ចាំឱ្យចិត្តត្រជាក់សិន ចាំនិយាយគ្នាដើម្បីរកដំណោះស្រាយ។
- កុំគេចវេះ ដោយទុកបញ្ហាចោល ៖ ការគេចវេសមិនមែនជាដំណោះស្រាយទេ។ ការប្រឈមមុខនិយាយគ្នា គឺជាគន្លឹះសំខាន់។
- ដកឃ្លាខ្លះបើចាំបាច់៖ ប្រសិនបើការងារតឹងតែងពេក ការកាត់បន្ថយការជួបជុំគ្នា ដូចជាការទៅញ៉ាំបាយជាមួយគ្នា ឬការបែរមកផ្ដោតលើការងាររៀងៗខ្លួនវិញ ក៏ជាវិធីជួយកាត់បន្ថយភាពតានតឹងដែរ។

ជារួម ទោះបីជាការធ្វើការជាមួយមិត្តភក្តិអាចមានរឿងចំនួនដែលអ្នកត្រូវប្រយ័ត្ន ប៉ុន្តែប្រសិនបើអ្នកត្រូវធ្វើការជាមួយគ្នា សូមចងចាំជានិច្ចថា “ជម្លោះក្នុងកន្លែងធ្វើការ មិនមែនមានន័យថាទំនាក់ទំនងក្រោយម៉ោងការងារត្រូវបញ្ចប់នោះទេ”។ ការនិយាយគ្នាដោយត្រង់ទៅត្រង់មក និងការបែងចែករឿងការងារចេញពីរឿងផ្ទាល់ខ្លួន នឹងជួយរក្សាមិត្តភាពឱ្យនៅស្ថិតស្ថេរ។
អ្នកប្រហែលជាធ្វើការនៅកន្លែងនោះត្រឹមតែប៉ុន្មានឆ្នាំ ប៉ុន្តែមិត្តភាពអាចនឹងមានអាយុកាលវែងឆ្ងាយជាងនោះ៕
























