ព្រែកទាល់ជាតំបន់ទេសចរធម្មជាតិមួយស្ថិតក្នុងឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទេសចរដែលទៅលេងតំបន់នេះអាចទស្សនាភូមិបណ្ដែតទឹក និងការរស់នៅរបស់អ្នកភូមិលើទឹក ថែមអាចគយគន់ជីវចម្រុះរាប់រយប្រភេទថែមទៀតផង។

ព្រែកទាល់ជាដែនជម្រក និងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅខាងជើងឆៀងខាងលិចនៃបឹងទន្លេសាបលោកអ្នកអាចគយគន់បក្សាបក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក… ។
សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅភូមិទេសចរណ៍មួយនេះ ហើយធ្វើដំណើរចេញពីខេត្តសៀមរាប ត្រូវធ្វើដំណើរតាមផ្លូវគោក ក្រុងសៀមរាប ឆ្ពោះទៅកាន់កំពង់ផែចុងឃ្នៀស ឬមេជ្រៃ ហើយត្រូវជួលទូកទៅកាន់តំបន់ព្រែកទាល់ ដោយចំណាយពេលប្រមាណ១ម៉ោង។ ដោយឡែក ពីក្រុងបាត់ដំបង ភ្ញៀវ ត្រូវធ្វើដំណើរតាមកាណូត ទៅកាន់ព្រែកទាល់ ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ចំណាយពេលប្រមាណ ៧ ម៉ោង ឬលើសនឹង តាមកម្រិតទឹក។










មួយទៀត ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍មើលបក្សាបក្សីស្រែកច្រៀងឆ្លើយឆ្លង ពេលព្រលឹម និងពេលព្រលប់ លោកអ្នកអាចស្នាក់នៅទីនោះ ១ ឬ ២ យប់ បាន ក្នុងផ្ទះសំណាក់សហគមន៍បែបសាមញ្ញ តែមានអនាម័យល្អ។ បន្ថែមលើការគយគន់បក្សាបក្សីច្រើនប្រភេទ រួមទាំងសត្វស្លាបដែលជិតផុតពូជ អ្នកក៏អាចទស្សនាសម្រស់ភូមិបណ្តែតទឹក ព្រៃលិចទឹក ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកផងដែរ។ សម្រាប់រដូវដែលល្អប្រសើរជាងគេសម្រាប់ការទស្សនាបក្សាបក្សី គឺរដូវប្រាំង ចាប់ពីខែធ្នូ ដល់ ខែឧសភា ដែលជារដូវទឹកស្រក ហើយសត្វបក្សាបក្សីមកផ្តុំគ្នា រកចំណី រកញីឈ្មោល នៅតំបន់ព្រែកទាល់៕
រូបភាព ៖ កណ្ដៀរ តាមខេត្ត
























