កាលពីថ្ងៃ ១៤ កុម្ភៈ កន្លងទៅ ត្រីបាណន់គីង្គក់ ឬ ហៅថា Whale Shark បានហែលឆ្វែលមកក្បែរទូកពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតរបស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ការបានឃើញបាណន់គីង្គក់នាពេលនេះ ជារឿងកម្រព្រោះថាត្រីប្រភេទនេះបង្ហាញខ្លួនឱ្យមនុស្សបានឃើញប្រហែល ១០ដងក្នុង១ឆ្នាំ ប៉ុណ្ណោះ។ ភាគច្រើនត្រូវបានគេប្រទះឃើញនៅ ប្រជុំកោះរ៉ុង កោះតាង និងកោះស្ដេច។ បាណន់គីង្គក់ ឬ Whale Shark ជាប្រភេទត្រីដែលកម្រ និងស្ទើរតែផុតពូជទៅហើយនៅកម្ពុជា ដូច្នេះប្រសិនអ្នកបានជួបបាឡែនដ៏គួរឱ្យស្រលាញ់មួយនេះ ដាច់ខាតត្រូវតែរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងកុំប៉ះពាល់ពួកវាឱ្យសោះ។
ការចាប់ ការសម្លាប់ និងជួញដូរត្រីប្រភេទនេះជាអំពើខុសច្បាប់។ ត្រីបាណន់គីង្គក់មានប្រវែងរហូតដល់ ៦ម៉ែត្រ និងមានអាយុវែងដល់ទៅជាង ១០០ ឆ្នាំ។ ប្រភេទត្រីកម្រនេះស៊ីកូនបង្គា មឹក និងកូនត្រីជាអាហារ។
គួរឱ្យដឹងថា បាណន់គីង្គក់ ជាប្រភេទត្រីដែលស្ថិតក្នុងក្រុមដែលរងគ្រោះ ជិតផុតពូជ ដែលមាននៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN៕





រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
























