ក្នុងនាមជាទូតសុឆន្ទៈកាយរិទ្ធិជាតិ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានចូលរួមសម្ដែង និងច្រៀងនៅក្នុងព្រឹត្តិការណ៍ជាតិមួយដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជា នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញនេះ។
ដូចដែលមហាជនអ្នកគាំទ្របានជ្រាបហើយថា អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានក្រសួងអប់រំនៅកម្ពុជាតែងតាំងជាទូតសុឆន្ទៈកាយរិទ្ធិជាតិ។ ដោយឡែក កាលពីថ្ងៃទី ១៦ ខែមិថុនា ២០២៦ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
ការបង្ហាញវត្តមានរបស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំរស្មីហង្សមាសនាលើកនេះ មិនត្រឹមជាការបង្ហាញជូននូវផ្ទាំងទស្សនីយភាពនៃការសម្ដែង និងច្រៀងជូនបណ្ដាភ្ញៀវកិត្តិយសទស្សនា ប៉ុន្តែជាការចូលរួមផ្សព្វផ្សាយពីសកម្មភាពកាយរឹទ្ធិជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ផងដែរ។
គួរឱ្យដឹងថា នៅក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៦ មាន៣ក្រុមដែលដណ្ដើមបានជយលាភីក្នុងនោះរួមមាន៖
(១) ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ ជ័យលាភី លេខ ១ ទទួលបានពានរង្វាន់ ដំបងបញ្ជាភ្លេង និង ទឹកប្រាក់ចំនួន ២០,០០០,០០០រៀល។
(២) ក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ ជ័យលាភី លេខ ២ ទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១២,០០០,០០០រៀល។
(៣) រុមភ្លេងកាយរឹទ្ធិ ខេត្តបាត់ដំបង ជ័យលាភី លេខ ៣ ទទួលបានពានរង្វាន់ និង ទឹកប្រាក់ចំនួន ៨,០០០,០០០រៀល៕
រូបភាព ៖ អគ្គនាយកដ្ឋានយុវជន