សាលាដែលជួយក្មេងៗតូចៗលើភ្នំគិរីរម្យឱ្យបានសិក្សារៀនសូត្រប្រឈមនឹងការបិទទ្វារហើយ។ នេះបើយោងតាមសម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង បានប្រកាស ដ្បិតពុំអាចមានលទ្ធភាពទ្រទ្រង់បន្ត។

ពិតជាដំណឹងមួយដែលគួរឱ្យសោកស្ដាយបំផុតប្រសិនបើសាលាដូងមិនអាចបន្តបើកទៀតបាន ព្រោះថាសាលាមួយនេះបានផ្ដល់ការសិក្សារៀនសូត្រដល់សិស្សតូចៗ ដែលពុំមានលទ្ធភាពរៀនប្រមាណ ៥០០ នាក់មកហើយ គិតចាបតាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ។
បច្ចុប្បន្ន សាលាដូងកំពុងទ្រទ្រង់ក្មេងៗក្នុងដៃចំនួន ១៥២ នាក់ (គិតទាំងវេនព្រឹក និងល្ងាច) ហើយក្មេងតូចៗទាំងអស់នេះពិតជាតម្រូវការសិក្សារៀនសូត្រជាខ្លាំង ហើយសាលាដូងនេះហើយគឺជាក្ដីសង្ឃឹមរបស់ពួកគេ។ ចុះបើសាលាដូងត្រូវបិទតើអនាគតក្មេងៗទាំងនោះនឹងទៅជាយ៉ាងណា?



តាមការឱ្យដឹងពីស្ថាបនិកសាលាដូងលោក អ៊ុក វណ្ណដេ ក្នុង ១ ឆ្នាំ សាលាដូងតម្រូវការថវិកាប្រមាណ ៣ ៥០០ ដុល្លារ (គិតជាមធ្យមជាង ៣ ពាន់ក្នុង១ខែ) សម្រាប់បើកប្រាក់ខែជូនគ្រូបង្រៀន ៥នាក់ បង់ទឹកភ្លើង ក៏ដូចជាអាហារហូបចុករបស់សិស្ស និងសម្លៀកបំពាក់របស់ពួកគេផងដែរ។ លោកបានប្រាប់ទៀតថាសម្រាប់ការចំណាយខាងលើនេះលោកធ្លាប់បានរ៉ាប់រងនាពេលកន្លងតាមរយៈជំនួយសប្បុរសផ្សេងៗ ពីការបើកហាងកាហ្វេសំរាម ក៏ដូចជាផ្ទះសំណាក់លើភ្នំគិរីរម្យ តែពេលនេះពិតជាមិនអាចទប់ទល់រួចទៀតទេ។
ជាមួយគ្នា ស្ថាបនិកចិត្តស៊ូមិនរារូបនេះ បានលើកម្រាមដៃសុំឱ្យមានការជួយពីសំណាក់សប្បុរសជន ដើម្បីអាចបន្តដង្ហើមសាលាដូងទៅមុខទៀតបាន ព្រោះរូបលោក ក៏ដូចជាកូនសិស្សទាំងអស់នៅសាលាដូងពិតជាមិនចង់បាត់បង់កន្លែងបណ្ដុះចំណេះដឹងដ៏កម្រមួយនេះនោះទេ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/v/18QvnHB3JC/
រូបភាព ៖ Van Day Ouk
























