ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីកូរ៉េជិតមកដល់ អ្នកប្រើប្រាស់អ៊ឺនធឺណិតកូរ៉េខាងត្បូងបានរៀបចំការស្ទង់មតិបែបកម្សាន្តមួយ ដែលសួរថា “តើតារាល្បីរូបណាដែលនឹងទទួលបានការពេញចិត្តយ៉ាងងាយស្រួលបំផុត ក្នុងជំនួបជាមួយគ្រួសារលើកដំបូង”។ ជាលទ្ធផល Jin បានជាប់ឈ្មោះជា កូនប្រសាដែលម្ដាយឪពុកក្មេកប្រាថ្នាចង់បានបំផុត។

ជាក់ស្ដែង គេហទំព័រ Idol Chart បានឱ្យដឹងថា សមាជិកក្រុម BTS រូបនេះ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ដោយ តារាប្រុសវ័យ ៣៣ឆ្នាំទទួលបានសំឡេងឆ្នោតរហូតដល់ ៩ ៦៨៣ សម្លេង នាំមុខបេក្ខភាពដទៃទៀត។
សម្រាប់ចំណាត់ថ្នាក់លេខ ២វិញ បានធ្លាក់ទៅលើតារាចម្រៀង Young Tak ជាមួយសំឡេងឆ្នោត ១ ១៩៩ សម្លេង បន្តដោយ Hong Ji-yoon ក្នុងចំណាត់ថ្នាក់លេខ ៣ ជាមួយសំឡេងឆ្នោត ១ ០២៩ សំឡេង និង IU ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ជាមួយសំឡេងឆ្នោត ៧១៨ សម្លេង។ ទន្ទឹមគ្នានេះ Minho ក្រុម SHINee និង Suho ក្រុម EXO ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។





គួរឱ្យដឹងផងដែរថា ការស្ទង់មតិនេះបានកើតឡើងជាការលេងសើច មុននឹងថ្ងៃចូលឆ្នាំប្រពៃណីកូរ៉េ ឬ Seollal មកដល់នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ ខណៈនេះជាពេលវេលាជួបជុំគ្រួសារដ៏សំខាន់របស់កូរ៉េខាងត្បូង។
ស្របគ្នានេះ សារព័ត៌មាន The Korea Times បានឱ្យដឹងថា កេរ្តិ៍ឈ្មោះរបស់ Jin ខាងសុភាពរាបសា កំប្លុកកំប្លែង និងរូបសម្រស់បែបសុភាពបុរស បានធ្វើឱ្យមានការលេងសើចបែបនេះជាយូរមកហើយ ដោយអ្នកគាំទ្រកូរ៉េតែងនិយាយថា បើទោះបីជាគ្រួសារណាក៏ដោយក៏នឹងស្វាគមន៍លោកដៃ ២ដែរ។ ហេតុដូច្នេះហើយ ទើបជ័យជម្នះលើកនេះ មិនមែនជារឿងភ្ញាក់ផ្អើលទេ សម្រាប់ក្រុមអ្នកគាំទ្រ ARMY៕

























