ថ្មីៗនេះ ស្នាដៃសិល្បៈគំនូររបស់កូនខ្មែរមួយរូបត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ផ្លូវការដែលរៀបចំឡើងដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា និងស្នារដ្ឋបាលសិល្បៈ គាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

កាលពីល្ងាចថ្ងៃ ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្នាដៃពិព័រណ៍ «តើខ្ញុំវង្វេង» របស់លោក ជា សេរីរដ្ឋ ដែលជាសិល្បករកម្ពុជាមួយរូបបានសម្ពោធជាផ្លូវការនៅសាលពិព័រណ៍របស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ ពិព័រណ៍ស្នាដៃសិល្បៈរបស់កូនខ្មែររូបនេះមានការចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់ស្ថាប័នជាតិនិងអន្តរជាតិរួមមានដូចជា លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា , លោក Laurent Raspaud អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), លោកស្រី Marie Buscail ទីប្រឹក្សាទីមួយនៃស្ថានទូតបារាំង ព្រមទាំងតំណាងអង្គការដៃគូ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។








ជាមួយគ្នា ក៏មានពិធីចុះហត្ថលេខាលើគម្រោង «ការលើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍ និងការផ្ដល់ភាពអង់អាចដល់យុវជន» រវាងមជ្ឈមណ្ឌលបុប្ផាណា និងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) សម្រាប់រយៈពេល ៣ ឆ្នាំ។ គម្រោងនេះផងដែរមានការចូលរួមអនុវត្តពីមជ្ឈមណ្ឌលបុប្ផាណា ព្រមទាំងអង្គការដៃគូផ្សេងទៀតរួមមានអង្គការសិល្ប:ខ្មែរអមតៈ អង្គការមនុស្សចាស់នៅកម្ពុជា អង្គការយុវសន្តិភាព មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា(CFC) និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC)៕
រូបភាព ៖ Bophana Center & Ambassade de France
























