រឿងខ្មែរដែលកំពុងល្បី “សែនឆ្ងាយក្បែរអ្នក” ទាក់ទាញចិត្តអ្នកស្នេហាវិស័យកុនឲ្យជ្រួលច្របល់តាំងពីមិនទាន់ចាក់បញ្ចាំងជាផ្លូវការ ក្រោយមានការអញ្ជើញបុគ្គលសំខាន់ៗ និងអ្នកគាំទ្រជាច្រើន ចូលទៅទស្សនាការសម្ពោធភាពយន្ត កាលពីថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ។

ក្នុងចំណោមភ្ញៀវដែលទៅចូលរួមទស្សនាការ សម្ពោធរឿង “សែនឆ្ងាយក្បែរអ្នក” មានតារាប្រុសស្រីល្បីៗ អ្នកបង្កើតមាតិកា និងអ្នកពាក់ព័ន្ធក្នុងវិស័យកុនជាច្រើននាក់ផ្សេងទៀត។ ក្នុងនោះក៏មានតារារ៉េប វណ្ណដា ក៏បានចូលរួមទស្សនារឿង “សែនឆ្ងាយក្បែរអ្នក” ហើយក៏បានពោលកោតសរសើរពីស្នាដៃរឿងខ្មែរដែលល្បីនាដើមឆ្នាំ ២០២៦ នេះ។
ម្ចាស់បទ ” NEON LIGHT” បានផ្ដល់បទសម្ភាសន៍ខ្លីថា រឿងនេះ មានបច្ចេកទេសល្អ ការចាប់ប្លង់បានស្អាតៗ ពណ៌ក៏ស្រស់ ហើយពិសេស sound track ក៏ទាក់ចិត្តផងដែរ។ ការចូលរួមទស្សនាភាពយន្តខ្មែរលើកនេះ កំពូលតារារ៉េប វណ្ណដា ក៏បានសរសើរទៅដល់តួអង្គ ប៊ុន សំខាន់ ដែលដើរតួ វិភូ ថាសម្ដែងបានយ៉ាងល្អ បើទោះនោះការសម្ដែងលើកដំបូងក៏ដោយ។



វណ្ណដា ក៏ស្ញប់ស្ញែងស្នាដៃសម្ដែងតួអង្គ សោតា ថាធ្វើបានយ៉ាងល្អដូចតួឯកប្រុសដែរ បើទោះជាការសម្ដែងនោះលើកទី១ របស់កញ្ញា តែពិតជាធ្វើបានយ៉ាងល្អ ហើយរង់ចាំមើលការសម្ដែងរឿងក្រោយរបស់ ប៊ុន សំខាន់ ឬ វិភូ និង សុន ទេពបំណង ឬ សោតា ផងដែរ។
រឿង “សែនឆ្ងាយក្បែរអ្នក” នឹងចាក់បញ្ចាំងតាមរោងកុននៅថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខ។ បើទោះជាមិនទាន់ចាក់បញ្ចាំង តែរឿងរបស់ Tiny Filmsនេះត្រូវបានបានទស្សនាថ្ងៃសម្ពោធ សរសើរគ្រប់គ្នាថាជារឿងខ្មែរបែបមនោសញ្ចេតនាសម័យថ្មី ល្អទាំងសាច់រឿង តួអង្គសម្ដែងបានល្អ និងក្រុមការងារគ្រប់ផ្នែក សម្រិតសម្រាំងបានសឹងតែឥតខ្ចោះ៕






រូបភាព៖ Tiny Films
























