ទើបតែដឹងពីរឿងដ៏អស្ចារ្យមួយ ដែលកីឡាករ Super Bowl ម្នាក់ មានឈាមជ័រកូនកាត់ខ្មែរ ដែលធ្វើឲ្យអ្នកតាមដានវិស័យកីឡាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន។ កីឡាករ ហ្សាក់ ឆាបុនណេត (Zach Charbonnet) ម្ដាយខ្មែរកាត់ចិន បានឈ្នះ Super Bowl កាលពីពេលថ្មីៗនេះជាមួយក្រុម Seattle Seahawks ។

បុនណេត វ័យ ២៥ ឆ្នាំកើតនៅអាមេរិក មានម្ដាយឈ្មោះ សេដា (seda) ជាខ្មែរកាត់ចិន និងឪពុកឈ្មោះ Mark ជនជាតិអាហ្វ្រិក-អាមេរិក។ ណេត បានចាប់ផ្ដើមលេងបាល់ឱបអាមេរិកនៅពេលរៀនវិទ្យាល័យ ហើយក៏មានទេពកោសល្យល្អ រហូតបានជាប់លេងនៅក្រុមអាជីពតែម្ដង។
ចាប់ពីឆ្នាំ ២០២៣ មក ឆាបុនណេត លេងឲ្យក្រុមខ្លាំង Seattle Seahawks ក្នុងតំណែង RB (running back) និងបានជួយក្រុមឈ្នះកៅអីលេង Super Bowl នៅឆ្នាំនេះផងដែរ។ តែគួរឱ្យសោកស្ដាយ មុនដល់ការប្រកួតធំបំផុតមួយនេះមកដល់ គេបានរងរបួសជង្គង់ មិនបានចូលលេង Final នេះឡើយ។

ត្បិតតែយ៉ាងនេះក្ដី ក្រុម Seattle Seahawks របស់ បុនណេត ក៏នៅតែធ្វើបានល្អ រហូតឈ្នះការប្រកួតលើក្រុម New England Patriots បានក្នុងលទ្ធផល ២៩-១៣ ដែរ។ ជាមួយជ័យជម្នះមួយនេះ ត្បិតតែ ណេត មិនបានចូលលេងពិតមែន ប៉ុន្តែគេក៏ជាផ្នែកមួយតាំងតែពីដើមមកក្នុងក្រុម Seattle Seahawks ដែរ ហើយក៏បានទទួលចិញ្ចៀន Super Bowl ring ដូចគ្នា។ បងប្អូនខ្មែរនៅអាមេរិកជាច្រើននាក់សុទ្ធតែសាទរចំពោះការធ្វើបានមួយនេះរបស់ ណេត លើបណ្ដាញសង្គម ហើយរំពឹងថាពានរង្វាន់ក្រោយៗ កីឡាករដែលមានម្ដាយខ្មែរកាត់ចិនរូបនេះ នឹងអាចធ្វើបានល្អទៀត ក្រោយជាសះស្បើយពីរបួស៕






















