ក្រុមចម្រៀងបុរស K-pop ZEROBASEONE បានលក់អាល់ប៊ុមរួមបញ្ចូលគ្នាសរុបបានលើស ១០ លានបន្ទះហើយ បើផ្អែកលើទិន្នន័យរបស់តារាង Hanteo Chart ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop ជំនាន់ទី ៥ ដំបូងបង្អស់ ដែលបានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយនេះ។

ក្រុមចម្រៀងបុរស K-pop ZEROBASEONE បានលក់អាល់ប៊ុមរួមបញ្ចូលគ្នាសរុបបានលើស ១០ លានបន្ទះហើយ បើផ្អែកលើទិន្នន័យរបស់តារាង Hanteo Chart ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop ជំនាន់ទី ៥ ដំបូងបង្អស់ ដែលបានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយនេះ។

ក្រុមចម្រៀងបុរសនេះបានបង្កើតប្រវត្តិសាស្ត្រលើកដំបូងជាមួយនឹងអាល់ប៊ុមទី១ របស់ពួកគេគឺ «YOUTH IN THE SHADE» ដែលបានក្លាយជាអាល់ប៊ុម Debut ដំបូងបំផុតរបស់ក្រុម K-pop ដែលលក់ដាច់បាន ២ លានបន្ទះ។ បន្ទាប់មក ពួកគេបានបន្តបោះជំហានជាមួយអាល់ប៊ុមខ្នាតតូចទីពីរគឺ «MELTING POINT» ដែលធ្វើឱ្យពួកគេក្លាយជាអ្នកលក់អាល់ប៊ុមបាន ២ លានបន្ទះ សម្រាប់ការចេញផ្សាយពីរដងជាប់ៗគ្នា។
ក្រោយមក ZEROBASEONE នៅតែបន្តរក្សាកំណត់ត្រាលក់ដាច់ខ្ទង់លានសម្រាប់អាល់ប៊ុមជាបន្តបន្ទាប់ រួមមានអាល់ប៊ុម «You had me at HELLO», «CINEMA PARADISE», «BLUE PARADISE» និងអាល់ប៊ុមពេញដំបូងបង្អស់របស់ពួកគេគឺ «NEVER SAY NEVER»។ ជាមួយនឹងការចេញផ្សាយអាល់ប៊ុមខ្នាតតូចទីប្រាំមួយមានចំណងជើងថា «ASCEND-» ក្រុមនេះបានឈានទៅសម្រេចការលក់អាល់ប៊ុមរួមបញ្ចូលគ្នាលើស ១០ លានបន្ទះជាផ្លូវការ ដែលជាការបន្តពង្រីកកំណត់ត្រារបស់ពួកគេក្នុងការមានអាល់ប៊ុមលក់ដាច់កម្រិតលានបន្ទះ ចំនួនប្រាំមួយដងជាប់ៗគ្នាចាប់តាំងពីការបង្ហាញខ្លួនដំបូងមក។
អាល់ប៊ុម «ASCEND-» ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភា បានឡើងទៅឈរនៅលំដាប់កំពូលនៃតារាងអាល់ប៊ុម Physical ប្រចាំថ្ងៃរបស់ Hanteo Chart ភ្លាមៗនៅក្នុងថ្ងៃដំបូង។ អាល់ប៊ុមនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមឌីជីថលប្រភេទខ្នាតតូចរបស់គេហទំព័រ QQ Music នៅក្នុងប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះដែរ បទចម្រៀងចំណងជើងធំ «TOP 5» បានឈានទៅដល់ចំណាត់ថ្នាក់លេខ ១ លើតារាង Viral Chart របស់ Spotify នៅក្នុងប្រទេសជប៉ុន។ វីដេអូចម្រៀងនៃបទនេះ បានធ្វើឱ្យចំនួនអ្នកទស្សនាហក់ឡើងហួសពី ៤០ លានដង ក្នុងរយៈពេលដ៏លឿនបំផុតមិនធ្លាប់មានរបស់ក្រុម ហើយបានជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងពិភពលោក សម្រាប់ចំនួនអ្នកទស្សនាវីដេអូចម្រៀងក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីការចេញផ្សាយ។
គួររម្លឹកថា ZeroBaseOne ដែលត្រូវបានស្គាល់ផងដែរថា ZB1 ត្រូវបានបង្កើតឡើងជាក្រុមគម្រោងមួយតាមរយៈកម្មវិធីប្រឡងជ្រើសរើសក្រុមចម្រៀងប្រុសរបស់ Mnet “Boys Planet” និងបានបង្ហាញខ្លួនជាលើកដំបូងដោយមានសមាជិកប្រាំបួននាក់ក្នុងខែកក្កដា ឆ្នាំ ២០២៣។
ពួកគេបានចេញអាល់ប៊ុមខ្នាតតូចចំនួនប្រាំ និងអាល់ប៊ុមខ្នាតពេញមួយមុនពេលបញ្ចប់សកម្មភាពក្រុមបែប ៩ នាក់ទាំងស្រុងក្នុងខែមីនា ហើយចាប់ពីពេលនោះមក ZeroBaseOne ក៏បានរៀបចំរចនាសម្ព័ន្ធឡើងវិញទៅជាក្រុមមានសមាជិកប្រាំនាក់ រួមមានសមាជិក Sung Han-bin, Kim Ji-woong, Seok Matthew, Kim Tae-rae និង Park Gun-wook ៕


