ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងលើកឡើងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើនទៅមុខយ៉ាងសកម្ម។ ការអភិវឌ្ឍនេះ ត្រូវបានជំរុញតាមរយៈការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ការពង្រឹងយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ព្រមទាំងការជំរុញភាពស្អាត និងបៃតងនៅតាមក្រុង និងខណ្ឌទូទាំងប្រទេស ដើម្បីលើកស្ទួយសោភ័ណភាព បរិស្ថាន និងភាពទាក់ទាញរបស់កម្ពុជា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុង នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ដែលបានបង្ហោះក្នុងហ្វេសបុកផេកផ្លូវការក្រសួងទេសចរណ៍។
ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានគូសរំលេចផងដែរថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនាថ្ងៃនេះ គឺទី១). បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី២).ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី៣).ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមប្រធាន ក៏បានជម្រាបជូនបន្ថែមថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន ៧, សូចនាករលម្អិត ចំនួន ៤១, និងលក្ខណវិនិច្ឆ័យ ចំនួន ១១៣ ហើយត្រូវបានអនុវត្តផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន ៣ គឺទី១). ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាតលើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ, ទី២). ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀតដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព, និងទី៣).ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ។
ឆ្លៀតឱកាសនៃកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅនូវស្នាដៃរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ដែលបានចាប់ផ្តើមគំនិត និងជំរុញការអនុវត្តយុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ចាប់តាំងពីការដាក់ឱ្យអនុវត្តដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានរយៈកាលជិត១៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយគំនិតផ្តួចផ្តើម នេះបានធ្វើឱ្យក្រុង ខណ្ឌទូទាំងប្រទេសមានការប្រែមុខមាត់យ៉ាងច្រើនទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។
កិច្ចប្រជុំនេះ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តអនុវត្តចលនាប្រទ្បងប្រណាំងទីក្រុងស្អាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុងស្អាត ដែលជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។៕