បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលរាជធានីរម្លឹកកម្លាំងសមត្ថកិច្ចកុំទារលុយពីម្ចាស់ទីតាំង ក្នុងការងារបង្ក្រាបបទល្មើសឆបោកអនឡាញ

អភិបាលរាជធានីរម្លឹកកម្លាំងសមត្ថកិច្ចកុំទារលុយពីម្ចាស់ទីតាំង ក្នុងការងារបង្ក្រាបបទល្មើសឆបោកអនឡាញ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Online Scams។ ឯកឧត្ដមបានមានប្រសាសន៍ថា បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺបងប្អូននេះហើយ។

Advertisement

ការលើកឡើងខាងលើនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យ លេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ទៅដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ កម្ពុជាស្វាគមន៍ពួកគាត់ តែបើពួកគាត់មកដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាយើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។ ដូចនេះយើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាគ្មានបទល្មើស Online Scams ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលរាជធានីក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រុបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាពមិនប្រក្រតី ឬបទល្មើស Online Scams បានគ្រប់ពេលវេលា។

លើសពីនេះទៀត នៅចំពោះមុខតំណាងម្ចាស់ទីតាំងដែលចូលរួម ឯកឧត្តម ឃួង ស្រេង បានប្រាប់ដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់៕


ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា