អគារទីស្នាក់ការកណ្តាលថ្មីដ៏ប្រណីតរបស់អគ្គនាយកដ្ឋានពន្ធដារតម្លៃជាង ៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ឧសភានេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

អគារទីស្នាក់ការកណ្តាលថ្មីដ៏ប្រណីតរបស់អគ្គនាយកដ្ឋានពន្ធដារតម្លៃជាង ៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ឧសភានេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរម្លឹកថា នៅក្នុងឆ្នាំ១៩៨១ អង្គភាពប្រមូលពន្ធត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានពន្ធដារឧស្សាហពាណិជ្ជ ក្រោមចំណុះក្រសួងហិរញ្ញវត្ថុ។ ឈានចូលដល់ឆ្នាំ១៩៩០ អង្គភាពនេះត្រូវបានប្តូរឈ្មោះមកជា នាយកដ្ឋានពន្ធដារ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រហូតដល់ឆ្នាំ២០០៨ នាយកដ្ឋានពន្ធដារ ត្រូវបានដំឡើងជាអគ្គនាយកដ្ឋានពន្ធដារ ។
ឯកឧត្តម គង់ វិបុល បានបន្តថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបានយ៉ាងជោគជ័យនូវការប្រែក្លាយខ្លួនពីរដ្ឋបាលសារពើពន្ធដែលប្រើប្រាស់ក្រដាសស្នាមទាំងស្រុង, មកជារដ្ឋបាលសារពើពន្ធទំនើប មានប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលបានបង្កលក្ខណៈកាន់តែងាយស្រួល និងល្អប្រសើរសម្រាប់អ្នកជាប់ពន្ធក្នុងការទទួលសេវានិងបំពេញកាតព្វកិច្ចសារពើពន្ធដូចបច្ចុប្បន្ន។
យោងតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធដារបានកើនពីជាង ៧០០លានដុល្លារ ក្នុងឆ្នាំ២០១២ ដល់ជាង ៣ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋបាលសារពើពន្ធបានក្លាយជាស្ថាប័នស្នូលមួយក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជំរុញ អនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ។
ជាមួយនេះ សម្ដេចធិបតី បានកោតសរសើរអគ្គនាយកដ្ឋានពន្ធដារ ដែលបានធ្វើកំណែទម្រង់តាមរយៈការធ្វើទំនើបកម្មជាបន្តបន្ទាប់ ដែលបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវា ជូនអ្នកបង់ពន្ធ ជាពិសេស ការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា ព័ត៌មានឌីជីថល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានរម្លឹកប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់ចេញពាក្យស្លោកថា « កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោនេះ គឺមានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ខណៈគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជន គឺត្រូវធ្វើការកំណែទម្រង់៕





