ព្រុចសែល ៖ សហភាពអឺរ៉ុបបានបញ្ចេញគំរូយានអវកាសថ្មីមួយ ដែលផលិតដោយខ្លួនឯង មានឈ្មោះថា VORTEX-S ជាមួយនឹងសមត្ថភាពអាចប្រើប្រាស់ឡើងវិញបាន ។ វាត្រូវបានរចនាឡើងមានគោលបំណងបញ្ជូនទំនិញ និងអវកាសយានិកទៅកាន់គន្លងផែនដីរយៈកម្ពស់ទាបនៅទសវត្សរ៍ឆ្នាំ ២០៣០ ។
យាន VORTEX-S កើតចេញពីគម្រោងសហការគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ និងអវកាសឈានមុខ Dassault Aviation របស់អឺរ៉ុប និងក្រុមហ៊ុន OHB ដែលបានដាក់សំណើទៅកាន់ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ (ESA) ដើម្បីអភិវឌ្ឍយានអវកាសនេះ ។
បើតាម Interesting engineering, គម្រោងនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយឱ្យសហភាពអឺរ៉ុប មានឯករាជ្យភាព និងស្វ័យភាពយុទ្ធសាស្ត្រទៅលើវិស័យអវកាស ដោយមិនបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិក ឬរុស្ស៊ីតទៀតឡើយ ។
ដើម្បីឈានទៅសម្រេចគោលដៅនៅទសវត្សរ៍ឆ្នាំ ២០៣០ ក្រុមហ៊ុនទាំងពីរបានបែងចែកការអភិវឌ្ឍជាជំហានៗ ដោយគ្រោងនឹងផលិតយានអវកាសត្រកូល Vortex ចំនួន ៤ ប្រភេទ ។
ក្នុងនោះ យាន Vortex-D នឹងដើរតួជាយានសាកល្បងដំបូង មានប្រវែង ៤ ម៉ែត្រ និងអាចផ្ទុកទំនិញបាន ២ តោន ។ វានឹងផ្តោតលើការសាកល្បងប្រព័ន្ធអាកាសសាស្ត្រ និងការគ្រប់គ្រងល្បឿនលឿនជាងសំលេង ហើយវាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមហោះហើរផ្លូវការនៅឆ្នាំ ២០២៨ ។
រីឯយាន Vortex-S ជាម៉ូដែលឆ្លាតវៃដែលអាចហោះហើរដោយស្វ័យប្រវត្ត និងតភ្ជាប់ជាមួយស្ថានីយអវកាសនានា ។ យាន Vortex-C ជាម៉ូដែលខ្នាតពេញលេញ សម្រាប់បេសកកម្មដឹកជញ្ជូនទំនិញធំៗ ។ យាន Vortex-H ជាម៉ូដែលកែច្នៃសម្រាប់ដឹកជញ្ជូនអវកាសយានិក ។
ចុងក្រោយ គឺយាន Vortex-M ជាម៉ូដែលខ្នាតធំសម្រាប់ដឹកជញ្ជូនទាំងទំនិញ រួមទាំងអវកាសយានិក ដែលគ្រោងចូលបម្រើសេវាកម្មនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ។
នាពេលអនាគត បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិ ហៅកាត់ ISS ចូលនិវត្តន៍នៅឆ្នាំ ២០៣០, យាន VORTEX-S នឹងក្លាយជាមធ្យោបាយស្នូលរបស់អឺរ៉ុប ក្នុងការតភ្ជាប់ទៅកាន់ស្ថានីយអវកាសពាណិជ្ជកម្មថ្មីៗ ។ ក្រៅពីបេសកកម្មយោធា និងវិទ្យាសាស្ត្រ យានអវកាសនេះ ក៏នឹងបម្រើដល់សេវាកម្មសេដ្ឋកិច្ចអវកាសឯកជនផងដែរ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា



























