មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ ព្រហស្បតិ៍ បានច្រានចោលរបាយការណ៍ស៊ើបអង្កេតរបស់រ៉យទ័រ ថាជាព័ត៌មានមិនពិត ក្រោយចោទប្រកាន់ថា កងទ័ពចិនបានបណ្តុះបណ្តាលទាហានរុស្ស៊ីប្រហែល ២០០ នាក់ដោយសម្ងាត់ កាលពីចុងឆ្នាំ ២០២៥ ក្នុងនោះ ទាហានរុស្ស៊ីខ្លះបានចេញទៅប្រយុទ្ធនៅអ៊ុយក្រែន ។
យោងតាមឯកសារកិច្ចព្រមព្រៀងរុស្ស៊ី និងចិន កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលកាសែតនេះទទួលបាន បានចេញផ្សាយថា ទាហានរុស្ស៊ីប្រហែល ២០០ នាក់បានទទួលការហ្វឹកហាត់នៅតាមមូលដ្ឋានយោធាចិន រួមមាននៅរដ្ឋធានីប៉េកាំង និងទីក្រុងណានជីង ។
ការហ្វឹកហ្វឺននោះ ត្រូវបានគេនិយាយថា ផ្ដោតសំខាន់លើការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ។
យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងថា ព័ត៌មាននេះ គឺមិនពិតឡើយ ដោយលោកបានចោទប្រកាន់វិញថា បណ្តាសារព័ត៌មាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក តែងតែចុះផ្សាយព័ត៌មានមិនពិតជាច្រើន ហើយសាធារណជនមិនត្រូវជឿជាក់ភ្លាមៗឡើយ ។
ដោយឡែក ប្រទេសចិនក៏បានចេញមុខបដិសេធការចោទប្រកាន់នេះ ហើយថែមទាំងច្រានចោលរបាយការណ៍នេះភ្លាមៗ ដោយទីក្រុងប៉េកាំងបន្តប្រកាន់ជំហរថា ខ្លួនជាប្រទេស “អព្យាក្រឹត” នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងដើរតួជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពតែប៉ុណ្ណោះ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា