A Kindergarten Child in Phnom Penh Asks: “If Mr. Anutin Can Draw a Map Unilaterally, Why Stop There? Why Not Draw the Entire World as Thailand?”

A Kindergarten Child in Phnom Penh Asks: “If Mr. Anutin Can Draw a Map Unilaterally, Why Stop There? Why Not Draw the Entire World as Thailand?”
អនុទិន បានបដិសេធមិនទទួលស្គាល់ផែនទីដែលរៀបចំឡើងដោយគណៈកម្មការខណ្ឌសីមាព្រំដែន តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយបានអះអាងថា ប្រទេសថៃគួរតែប្រើតែផែនទីមាត្រដ្ឋាន ១:៥០,០០០ ប៉ុណ្ណោះ។ ការលើកឡើងបែបនេះ មិនមែនគ្រាន់តែជាការបញ្ចេញទស្សនៈនយោបាយទេ ប៉ុន្តែវាបានប៉ះពាល់ដល់គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលជាមូលគ្រឹះសម្រាប់ការកំណត់ និងការទទួលស្គាល់ព្រំដែនរវាងរដ្ឋនានា។
ជាក់ស្តែង ផែនទីដែលកើតចេញពីដំណើរការខណ្ឌសីមាព្រំដែនក្រោមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ មិនមែនជាឯកសារដែលភាគីណាមួយគូសឡើងដោយខ្លួនឯងនោះទេ។ វាជាលទ្ធផលនៃកិច្ចព្រមព្រៀងអន្តរជាតិ ដែលបានទទួលការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងត្រូវបានបោះពុម្ពជាផ្លូវការចំនួន ៥០ ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម។ ការទទួលយកផែនទីទាំងនោះដោយស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសក្នុងឆ្នាំ ១៩០៨ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបង្ហាញពីការយល់ព្រម និងការមិនជំទាស់នៅក្នុងពេលនោះ។
នៅក្នុងច្បាប់អន្តរជាតិ មានគោលការណ៍សំខាន់មួយគឺ “ការទទួលយកដោយអនុវត្ត” (Acquiescence)។ នោះមានន័យថា ប្រសិនបើរដ្ឋមួយបានទទួល ឬមិនបានជំទាស់ចំពោះឯកសារណាមួយអស់រយៈពេលយូរ រដ្ឋនោះមិនអាចត្រឡប់មកបដិសេធឯកសារដដែលនៅពេលក្រោយ ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនបានឡើយ។ ហេតុដូច្នេះហើយ ទើបតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការប្រព្រឹត្តរបស់ភាគីក្នុងអតីតកាល មិនមែនត្រឹមតែការអះអាងនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ។
សំណួរដែលមានអ្នកលើកឡើងថា៖ «បើថៃអាចយកផែនទីដែលខ្លួនគូសដោយឯកតោភាគីមកប្រើបាន ហេតុអ្វីកម្ពុជាមិនយកផែនទីចក្រភពខ្មែរមកប្រើវិញ?» ជាសំណួរបែប “ដេញទាន់ជាន់ក” ដែលចង់បង្ហាញពីភាពមិនសមហេតុផលនៃការអះអាងដោយឯកតោភាគី។ ព្រោះប្រសិនបើរដ្ឋនីមួយៗអាចគូសផែនទីតាមចិត្តខ្លួនឯង ហើយយកមកប្រកាសជាព្រំដែនផ្លូវការ នោះប្រព័ន្ធច្បាប់អន្តរជាតិទាំងមូលនឹងបាត់បង់ន័យ។ ព្រំដែនរវាងប្រទេសនឹងមិនត្រូវកំណត់ដោយកិច្ចព្រមព្រៀងទៀតទេ ប៉ុន្តែដោយឆន្ទៈនយោបាយរបស់អ្នកកាន់អំណាចនៅពេលណាមួយ។
ជាមួយគ្នានេះ មានសំណួរបែបកំប្លែងមួយដែលកុមារថ្នាក់មត្តេយ្យនៅភ្នំពេញបានចោទសួរថា៖ «បើពូអនុទិនអាចគូសផែនទីដោយឯកតោភាគីបាន ម្តេចមិនគូសយកដីខ្មែរប៉ុណ្ណឹងធ្វើអ្វី? ម្តេចមិនគូសយកផែនដីពិភពលោកទាំងមូលតែម្តងទៅ? (ហិ! ហិ! ហិ!)»។ ថ្វីត្បិតតែជាសំណួរបែបកំប្លែង ប៉ុន្តែវាបានឆ្លុះបញ្ចាំងនូវតក្កវិជ្ជាដ៏សាមញ្ញមួយថា ការអះអាងអំពីព្រំដែនមិនអាចផ្អែកលើការគូសខ្សែតាមចិត្តរបស់ភាគីណាមួយបានឡើយ។ បើមិនដូច្នោះទេ នោះច្បាប់អន្តរជាតិ សន្ធិសញ្ញា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិទាំងមូល នឹងក្លាយជារឿងឥតន័យ។
ទោះជាយ៉ាងណា កម្ពុជាមិនបានជ្រើសរើសផ្លូវនោះឡើយ។ កម្ពុជាបានប្រកាន់យកគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការគោរពសន្ធិសញ្ញា និងឯកសារដែលទទួលបានសច្ចាប័ន។ នេះជាភាពខុសគ្នារវាងការអះអាងផ្អែកលើមនោគមវិជ្ជាជាតិនិយម និងការអះអាងផ្អែកលើគោលការណ៍ច្បាប់។
ការលើកឡើងរបស់សាស្ត្រាចារ្យកិត្តិគុណ ស៊ុរជាតិ ប៊ម្រុងស៊ុខ បានបញ្ជាក់យ៉ាងច្បាស់ពីចំណុចនេះ។ លោកបានរំឭកថា នៅក្នុងវិវាទព្រំដែនរវាងរដ្ឋ មធ្យោបាយដែលមានទម្ងន់ផ្លូវច្បាប់ គឺសន្ធិសញ្ញា និងផែនទីដែលភ្ជាប់ជាមួយសន្ធិសញ្ញា ដែលទទួលបានសច្ចាប័នរួចហើយ។ ផែនទីផ្សេងៗដែលត្រូវបានគូសឡើងនៅពេលក្រោយ ឬគ្មានមូលដ្ឋានសន្ធិសញ្ញា មិនអាចក្លាយជាភស្តុតាងស្របច្បាប់ ដើម្បីកែប្រែព្រំដែនដែលបានទទួលស្គាល់រួចមកហើយបានទេ។
ការវិភាគរបស់សាស្ត្រាចារ្យថៃរូបនេះ មានសារៈសំខាន់ជាពិសេស ព្រោះវាមិនមែនជាការលើកឡើងពីភាគីកម្ពុជាទេ ប៉ុន្តែជាការព្រមានពីអ្នកវិទ្យាសាស្ត្រនយោបាយថៃម្នាក់ ទៅកាន់អ្នកដឹកនាំប្រទេសរបស់ខ្លួន។ លោកបានភ្ជាប់បញ្ហានេះទៅនឹងសាលដីកាប្រាសាទព្រះវិហារឆ្នាំ ១៩៦២ ដែលក្នុងនោះ តុលាការអន្តរជាតិបានពិនិត្យលើផែនទីខណ្ឌសីមាព្រំដែនជាចម្បង ខណៈដែលផែនទីដែលរៀបចំដោយអ្នកជំនាញថៃ ត្រូវបានមើលឃើញថា ខ្វះទម្ងន់ផ្លូវច្បាប់ប្រៀបធៀបនឹងផែនទីដែលកើតចេញពីដំណើរការខណ្ឌសីមាផ្លូវការ។
មេរៀនពីប្រវត្តិសាស្ត្រគឺច្បាស់ណាស់៖ នៅពេលវិវាទមួយឈានទៅដល់តុលាការអន្តរជាតិ អ្វីដែលសម្រេចលទ្ធផល មិនមែនជាសុន្ទរកថានយោបាយ មិនមែនជាមនោសញ្ចេតនាជាតិនិយម និងក៏មិនមែនជាផែនទីដែលគូសឡើងថ្មីៗដោយភាគីណាមួយនោះដែរ។ អ្វីដែលមានតម្លៃ គឺឯកសារដែលមានសុពលភាពផ្លូវច្បាប់ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងអាកប្បកិរិយារបស់រដ្ឋដែលបានបង្ហាញការទទួលស្គាល់ក្នុងអតីតកាល។
ដូច្នេះ ការទទូចឱ្យប្រើតែផែនទី ១:៥០,០០០ ដោយមិនគិតពីស្ថានភាពផ្លូវច្បាប់របស់វា គឺជាការលើកហេតុផលដែលមានលក្ខណៈនយោបាយច្រើនជាងច្បាប់។ ចំណែកការប្រកាន់យកសន្ធិសញ្ញា និងផែនទីដែលទទួលបានសច្ចាប័ន គឺជាផ្លូវដែលស្របតាមគោលការណ៍អន្តរជាតិ និងអាចទទួលយកបាននៅលើឆាកច្បាប់ពិភពលោក។
នៅទីបញ្ចប់ បញ្ហាព្រំដែនមិនមែនជាការប្រកួតប្រជែងថា នរណាគូសផែនទីបានធំជាងនរណានោះទេ។ វាជាបញ្ហានៃនីតិរដ្ឋ អធិបតេយ្យភាព និងការគោរពកាតព្វកិច្ចអន្តរជាតិ។ ប្រវត្តិសាស្ត្របានបង្ហាញរួចហើយថា អ្នកដែលឈ្នះនៅក្នុងតុលាការអន្តរជាតិ មិនមែនជាអ្នកដែលស្រែកខ្លាំងជាងគេនោះទេ ប៉ុន្តែជាអ្នកដែលមានមូលដ្ឋានច្បាប់រឹងមាំជាងគេ។ នេះហើយជាចំណុចស្នូលនៃការដេញទាន់ជាន់ក ដែលធ្វើឱ្យសាធារណជនអាចមើលឃើញភាពខុសគ្នារវាងការអះអាងដោយអារម្មណ៍ និងការអះអាងដោយច្បាប់។
ដោយ៖លោកតា

