រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការដឹកជញ្ជូន កាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ។
តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលដៅដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសពាក់ព័ន្ធការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវគុណភាព និងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលអាចជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារសម្រាប់ការជួសជុល និងថែទាំផ្លូវជារៀងរាល់ឆ្នាំ។
សម្រាប់វិស័យឯកជន វិសោធនកម្មនេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងតំបន់ ព្រមទាំងពង្រឹងតម្លាភាព និងសមធម៌ក្នុងការអនុវត្តច្បាប់ តាមរយៈការកំណត់ការពិន័យ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានេះ ការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តិឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត ក៏នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕
ដោយ ៖ វណ្ណលុក



































