លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២២ ខែមិថុនានេះថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ អាជ្ញាធរបានបិទបញ្ចប់ការចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងនានា ដើម្បីស្វែងរកទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃហើយ ប៉ុន្តែនៅបន្តឃ្លាំមើលស្ថានការណ៍ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់។
ការបិទបញ្ចប់នៅពេលនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការណ៍យ៉ាងខ្លាំងក្លាចុះត្រួតពិនិត្យទីតាំងចំនួនជាង ១៣០កន្លែង ដែលសង្ស័យមានការនាំចូលទំនិញ និងផលិតផលខុសច្បាប់ពីប្រទេសថៃ។ នៅទីតាំងមួយចំនួន សមត្ថកិច្ចបានរកឃើញទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ និងទំនិញខូចគុណភាពប្រាកដមែន។
លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក ប ប) បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញផលិតផល និងសាច់បង្កកនាំចូលពីប្រទេសថៃសរុបចំនួនជាង ៧១៨តោន នៅក្នុងចំណោមទីតាំង ដែលបានចុះត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ ជនសង្ស័យចំនួន ១៦នាក់ត្រូវបានសម្ថកិច្ចនាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងនោះមានជនសង្ស័យចំនួន ៩នាក់ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ និងបទនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងពីបទធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង ៩នាក់ ត្រូវចោទប្រកាន់តាមបទល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងច្បាប់ស្តីពីគយ។
សូមបញ្ជាក់ថា ក្រោយការព្រមានធ្ងន់ៗពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អាជ្ញាធររាជធានីខេត្ត បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ និងសាច់បង្កកជាច្រើនកន្លែង ដើម្បីស្វែងរកទំនិញនាំចូលដោយខុសច្បាប់ពីប្រទេសថៃ។ នេះគឺជាវិធានការមួយ ដើម្បីបង្រ្កាបទំនិញគេចពន្ធ និងដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕





























