ប៉េកាំង ៖ គិតត្រឹមខែមករា ធនាគារកណ្ដាលចិន (PBOC) នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រសម្រុកទិញមាសបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេល ១៥ខែជាប់ៗគ្នា ដែលធ្វើឱ្យចំនួនមាសបម្រុងសរុបរបស់មហាយក្សអាស៊ីមួយនេះ កើនឡើងដល់ទៅ ៧៤,១៩លានអោន ។
បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ, មាសបម្រុងសរុបរបស់ប្រទេសចិន ប្រសិនបើគិតជាលុយ មានចំនួនដល់ទៅ ៣៦៩,៥៨ពាន់លានដុល្លារ បើធៀបនឹងខែធ្នូ មានត្រឹមតែ ៣១៩,៤៥ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ពីធនាគារកណ្ដាលចិន (PBOC) ។
ការកើនឡើងនូវតម្លៃមាសបម្រុងរបស់ប្រទេសចិននេះ កើតឡើងចំពេលដែលតម្លៃមាសនៅលើទីផ្សារពិភពលោក មានការប្រែប្រួលយ៉ាងខ្លាំង ដោយគិតត្រឹមខែមករាប៉ុណ្ណោះ តម្លៃមាសបានហក់ឡើងដល់កំណត់ត្រាជិត ៥,៦០០ដុល្លារក្នុងមួយអោន ។
ទោះបីជាការប្រើប្រាស់មាសជារួមនៅចិន បានដាំក្បាលចុះ ៣,៧៥ភាគរយក្នុងឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែតម្រូវការទិញមាសដុំ និងកាក់មាស បែរជាបានហក់ឡើងរហូតដល់ ៣៥,១៤ភាគរយ ។
ប្រការនេះសបញ្ជាក់ថា ប្រជាជនចិនកំពុងងាកមកសន្សំមាសទុក ក្នុងទម្រង់ជាទ្រព្យសម្បត្តិសុវត្ថិភាព ពោលគឺច្រើនជាងការទិញមាស សម្រាប់ធ្វើជាគ្រឿងអលង្ការពាក់លំអរខ្លួន ។
គួរកត់សម្គាល់ថា ធនាគារកណ្ដាលចិនធ្លាប់បានផ្អាកទិញមាសមួយរយៈ កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយសម្រុកទិញជាប់ៗគ្នាអស់រយៈពេល ១៨ខែ ។ ប៉ុន្តែ ៦ខែក្រោយមក មហាយក្សអាស៊ីមួយនេះ ក៏បានត្រឡប់មកវាយលុកទីផ្សារមាសវិញយ៉ាងសកម្មរហូតមកទល់បច្ចុប្បន្ន ក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើរូបិយបណ្ណបរទេស និងពង្រឹងស្ថិរភាពសេដ្ឋកិច្ចជាតិ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា


























