បរទេស ៖ មេដឹកនាំ លំដាប់លេខ២ របស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានច្រានចោលការរំសាយអាវុធ ឬ ការគ្រប់គ្រងរបស់បរទេស។
លោក Khaled Meshal ដែលពីមុន ធ្លាប់ធ្វើជាមេដឹកនាំកំពូល របស់ក្រុមហាម៉ាស់ បាននិយាយ កាលពីថ្ងៃអាទិត្យ ថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះ នឹងមិនទម្លាក់អាវុធចុះចាញ់ ឬ ទទួលយកអន្តរាគមន៍ពីបរទេស នៅក្នុងតំបន់ហ្គាហ្សានោះទេ ដោយរុញច្រានប្រឆាំងនឹងការទាមទារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក បាននិយាយ អំឡុងសន្និសីទ ស្ថិតនៅក្នុងទីក្រុង Doha ថា «ឧក្រិដ្ឋកម្មប្រឆាំងអាវុធរបស់យើង និង អ្នកដែលអនុវត្តទង្វើនេះ គឺជាអ្វីដែលយើង មិនគួរទទួលយក»។ លោក Meshal អះអាងថា «ដរាបណាមានការកាន់កាប់ គឺ មានការតស៊ូ…ការតស៊ូគឺជាសិទ្ធិ របស់ប្រជាជន នៅក្រោមការកាន់កាប់…ជាអ្វីមួយ ដែលប្រទេសនានា មានមោទនភាព»។
ក្រុម ហាម៉ាស់ ជាចលនាអ៊ីស្លាមនិយម បានធ្វើការតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងអ្វី ដែលខ្លួនមើលឃើញថា ជាការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។ ពួកគេបានបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏សាហាវ ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាម ចុងក្រោយបង្អស់។
បទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក នៅតំបន់ហ្គាហ្សា គឺស្ថិតក្នុងដំណាក់កាលទី២ ដែលសំដៅលើ ការកំណត់ព្រំដែនគ្មានយោធា រួមទាំង ការរំសាយអាវុធ របស់ក្រុមហាម៉ាស ហើយ កងទ័ពអ៊ីស្រាអែល ដកចេញ បន្តិចម្តងៗ។
យ៉ាងណា ក្រុម ហាម៉ាស់ បាននិយាយ ម្តងហើយម្តងទៀតថា ការរំសាយអាវុធ គឺជាបន្ទាត់ក្រហម ទោះបីជាខ្លួនបានបង្ហាញថា អាចពិចារណាប្រគល់ការប្រគល់អាវុធរបស់ខ្លួន ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន នាពេលអនាគត ក៏ដោយ។
មន្ត្រីអ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់ នៅមានអ្នកប្រយុទ្ធ ប្រហែល ២ម៉ឺននាក់ និង កាំភ្លើងអាកា Kalashnikov ប្រហែល ៦ម៉ឺនដើម នៅក្នុងតំបន់ហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត























