បាងកក ៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆាន់វីរៈគុល បានអះអាងពីជ័យជម្នះ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ខណៈការរាប់សន្លឹកឆ្នោតបឋម បង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក នាំមុខគូប្រជែង។
លោក Anutin បានប្រាប់អ្នកសារព័ត៌មានថា «ជ័យជំនះ ថ្ងៃនេះ ជារបស់ជនជាតិថៃទាំងអស់ មិនថា អ្នកបោះឆ្នោតឱ្យយើង ឬ អត់នោះទេ»។
បើតាម CNA, គណៈកម្មាធិការរៀបចំការបោះឆ្នោត តម្រូវឱ្យផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត និង ប្រកាសលទ្ធផលជាផ្លូវការ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ពោលគឺត្រឹមថ្ងៃទី ៩ ខែមេសា។
នៅពេលមានការបញ្ជាក់ផ្លូវការ នោះសភាថ្មី ត្រូវប្រជុំ ដើម្បីជ្រើសរើសប្រធាន និង អនុប្រធាន។ បន្ទាប់មក សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវតែទទួលបានការគាំទ្រ លើសពីពាក់កណ្តាល នៃសមាជិកសភាទាំងអស់ ដែលមានន័យថា បេក្ខជនត្រូវការសំឡេងយ៉ាងតិច ២៥១ សំឡេង។
យ៉ាងណា លទ្ធផលបឋម បង្ហាញថា បក្សរបស់លោក អនុទីន ទទួលបាន មិនដល់ ២០០អសនៈ ដែលចាំបាច់ត្រូវបង្កើនសម្ព័ន្ធភាព ជាមួយបក្សផ្សេង ទើបអាចបង្កើតរដ្ឋាភិបាលថ្មីបាន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត






















