កំពូលមហាសេដ្ឋី Elon Musk ប្រកាសថា ក្រុមហ៊ុន SpaceX របស់លោកនឹងបង្កើតទីក្រុងដែលអាចលូតលាស់ដោយខ្លួនឯង ឬ «self-growing city» លើឋានព្រះចន្ទ ដោយប្រើរយៈត្រឹម ១០ ឆ្នាំប៉ុណ្ណោះ ។
ការប្រកាសនេះ នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន SpaceX រត់ប្រណាំងជាមួយក្រុមហ៊ុនអវកាសផ្សេងៗមួយចំនួន រួមមានប្រទេសចិនផងដែរ ។
លោក Elon Musk និយាយថា self-growing city គឺជាទីក្រុងអភិវឌ្ឍឡើងមានគោលបំណងបង្កើតបរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ធនធានក្នុងតំបន់ និងបច្ចេកវិទ្យា ដែលមិនពឹងផ្អែកការគាំទ្រពីផែនដី ។
មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះបញ្ជាក់ថា គោលដៅដែលបង្កើតទីក្រុងនៅលើឋានព្រះចន្ទ ក៏ព្រោះតែវាអាចសម្រេចបានលឿនជាងការបង្កើតទីក្រុងភពអង្គារ ព្រោះការបញ្ជូនយានអវកាសទៅឋានព្រះចន្ទអាចធ្វើឡើងញឹកញាប់ជាង និងមានការធ្វើតេស្តបានឆាប់ជាង ។
លោកថា ក្នុងករណីបង្កើតទីក្រុងភពអង្គារ គឺត្រូវរង់ចាំច្រើនខែ ហើយការបាញ់បង្ហោះយានអវកាស ក៏ត្រូវរង់ចាំយូរ នៅពេលដែលផែនដី និងភពអង្គារ ស្ថិតក្នុងស្ថានភាពត្រូវគ្នានៅរៀងរាល់ ២៦ ខែ ។
ទោះបីជា SpaceX ផ្តោតលើព្រះចន្ទមុនសិនក៏ដោយ ប៉ុន្តែកំពូលអ្នកមានផុតលេខរូបនេះ អះអាងថា SpaceX នឹងនៅតែបន្តខិតខំសាងទីក្រុងលើភពអង្គារ នៅរយៈពេលប្រមាណ ៥ ដល់ ៧ ឆ្នាំក្រោយ ៕
ប្រភព ៖ ABC News និង CNA ប្រែសម្រួល ៖ ឈឹម ទីណា























