តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យប្រជាជនរួមដៃគ្នា ប្រឆាំងនឹងសម្ពាធពីបរទេស។
លោក Ayatollah Ali Khamenei បានអំពាវនាវដូច្នេះ កាលពីថ្ងៃចន្ទ ពោលគឺនៅមុនថ្ងៃខួប នៃ បដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩ ក្នុងសប្តាហ៍នេះ។
លោក Ali Khamenei បាននិយាយថា ចាប់តាំងពីបដិវត្តន៍មក មហាអំណាចបរទេស តែងតែស្វែងរកការស្តារស្ថានការណ៍ ពីមុន ឲ្យកើតមានឡើងវិញ ដោយចង់សំដៅទៅលើសម័យកាល ដែលអ៊ីរ៉ង់ស្ថិតនៅក្រោមការគ្រប់គ្រង របស់ លោក Shah Reza Pahlavi និង ពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោក Pahlavi ដែលធ្លាប់ដឹកនាំ អ៊ីរ៉ង់ ចន្លោះពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៧៩។
លោក Ayatollah Ali Khamenei បានបញ្ជាក់ទៀតថា «អំណាចជាតិមានឥទ្ធិពលតិចជាង បើធៀបនឹង មីស៊ីល និងយន្តហោះចម្បាំង ប៉ុន្តែ ឆន្ទៈ និងស្ថិរភាពរបស់ប្រជាជន បែបនេះ ធ្វើឱ្យសត្រូវ ខកចិត្ត»។
ការលើកឡើងរបស់ លោក Ali Khamenei បានធ្វើឡើង ចំពេលដែលមានភាពតានតឹងខ្លាំង រវាងអាមេរិក និងអ៊ីរ៉ង់ ក្នុងនោះ កាន់តែពុះកញ្ជ្រោល ចាប់តាំងពី នាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk របស់អាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន។ យ៉ាងណាមិញ ថ្មីៗនេះ ភាគីទាំងពីរ បានជួបចរចាគ្នា ឡើងវិញ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត























