អ.ស.ប ៖ អង្គការសហប្រជាជាតិ បានប្រកាសទារលុយអាមេរិកជំពាក់ ចំនួនជិត ៤ពាន់លានដុល្លារអាមេរិក។
លោក Stephane Dujarric អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃច័ន្ទ ថា លោក Antonio Guterres អគ្គលេខាធិការ UN បានទាក់ទងជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz អស់មួយរយៈ ហើយអ្នកគ្រប់គ្រងរបស់UN ក៏បានទាក់ទង ជាមួយមន្ត្រីសហរដ្ឋអាមេរិកផងដែរ ដើម្បីទន្ទឹងរង់ចាំមើលឱ្យច្បាស់ថា តើនៅពេលណា ការទូទាត់នឹងត្រូវធ្វើឡើង។
ការសួរនាំនេះ កើតមាន នៅ១សប្តាហ៍ បន្ទាប់ពីលោក Guterres បានព្រមាន ថា ស្ថាប័នពិភពលោកមួយនេះ ប្រឈមមុខនឹង ការដួលរលំផ្នែកហិរញ្ញវត្ថុ លុះត្រាតែប្រទេសសមាជិកទាំង១៩៣ បង់ថ្លៃកាតព្វកិច្ច តាមការសន្យា ដែលជាសារមួយ តម្រង់យ៉ាងច្បាស់ ទៅកាន់សហរដ្ឋអាមេរិក ព្រោះ ៩៥% នៃ ប្រាក់ជំពាក់សរុប គឺស្ថិតក្នុងដៃ របស់សហរដ្ឋអាមេរិក។
បើតាមមន្ត្រី UN, ក្រៅពីអាមេរិក, ប្រទេសជំពាក់ច្រើនជាងគេ ទីពីរ គឺ វេណេស៊ុយអេឡា ដែលមិនបានបង់ ចំនួន ៣៨លានដុល្លារ។ ប៉ុន្តែ ប្រទេសជិត ៦០ បានបង់ថ្លៃប្រចាំឆ្នាំ របស់ពួកគេរួចរាល់ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ។
បើតាម politico , អាមេរិកជំពាក់ ជាង២ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការធម្មតារបស់អង្គការសហប្រជាជាតិ និង ១.៨ពាន់លានដុល្លារទៀត សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។
យ៉ាងណា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ UN លោក Mike Waltz បានអះអាងថា រដ្ឋបាល Trump គ្រោងនឹងធ្វើការបង់ប្រាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខ តែ នឹងកំណត់ចំនួន ដែលត្រូវបង់។
ការទារប្រាក់ទាំងនេះ ធ្វើឡើង បន្ទាប់ពីអាមេរិក បានដកខ្លួន ចេញទីភ្នាក់ងារនានា របស់ UN រួមទាំង អង្គការសុខភាពពិភពលោក និង ទីភ្នាក់ងារវប្បធម៌យូណេស្កូ ព្រមទាំង ដកមូលនិធិ ចេញទៀតផង។ ជាការដកខ្លួន ស្របពេលដែល លោកប្រធានាធិបតី Donald Trump រិះគន់ អង្គការសហប្រជាជាតិថា មិនបានធ្វើការងារ ឲ្យអស់ពីសក្តានុពលដែលខ្លួនមាន៕
ប្រភពពី politico, ប្រែសម្រួល៖ សារ៉ាត






















