មូស្គូ ៖ ក្រុមអតីតយុទ្ធជនអង់គ្លេស បានចូលធ្វើជាទាហានស៊ីឈ្នួល នៅក្នុងសង្គ្រាមអ៊ុយក្រែន។ នេះបើតាមការអះអាង របស់ឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូ ប្រចាំទីក្រុងឡុងដ៍ ចេញផ្សាយដោយ RT។
អំឡុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti កាលពីថ្ងៃចន្ទ, លោក Andrey Kelin ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង់គ្លេស បានប្រាប់ថា យោធាអង់គ្លេស ក៏កំពុងឈរជើង នៅស្ថានទូតក្នុងទីក្រុងគៀវ ដើម្បីជួយដល់សេវាកម្មពិសេស របស់អ៊ុយក្រែន ធ្វើផែនការប្រតិបត្តិការ ប្រឆាំងនឹងរុស្ស៊ី ហើយ បានបន្តកម្មវិធី បណ្តុះបណ្តាល Interflex សម្រាប់កងទ័ពអ៊ុយក្រែន នៅចក្រភពអង់គ្លេស រហូតដល់ឆ្នាំ២០២៦។
លោក Kelin ចាត់ទុក ការចូលរួមរបស់អង់គ្លេស ទាំងកងទ័ព និង អតីតយុទ្ធជន គឺមានភាពស៊ីជម្រៅ ព្រមទាំង ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់ ប្រទេសរុស្ស៊ី។ លោកបន្តថា អង់គ្លេស ផ្តល់ទិសដៅនយោបាយ ដល់ក្រុងកៀវ គាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ, ចែករំលែកព័ត៌មានសម្ងាត់ អាវុធ រថភ្លើង និង ការប្រយុទ្ធ ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំង មានរចនាសម្ព័ន្ធយោធារួមគ្នា ផ្សេងៗទៀត។
លោក Kelin អះអាងថា ទីក្រុងឡុងដ៍ ជៀសវាងការបញ្ជាក់ ពីតួនាទីប្រយុទ្ធ របស់ទាហានអង់គ្លេស ប៉ុន្តែ មានវិធីជាច្រើន ដើម្បីបង្ហាញពីឧប្បត្តិហេតុ បញ្ជាក់ឲ្យឃើញភស្តុតាងច្បាស់លាស់។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំមុន មានការស្លាប់ទាហានអង់គ្លេស នៅប្រទេសអ៊ុយក្រែន ក្នុងពេលសង្កេតមើលកងកម្លាំងអ៊ុយក្រែន សាកល្បងសមត្ថភាពការពារថ្មីមួយ។
លោក Kelin បញ្ជាក់ថា នៅពេលនេះ រុស្ស៊ី មានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់ទុកទីក្រុងឡុងដ៍ ជាភាគីចូលរួមពិតប្រាកដ នៅក្នុងសង្គ្រាម ដែលអូសបន្លាយ រយៈពេល ជិត៤ឆ្នាំ មួយនេះ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត























