ប៉េកាំង ៖ បច្ចេកវិទ្យាឡានហោះរបស់ប្រទេសចិន កាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត ក្រោយមហាយក្សនៅអាស៊ីមួយនេះ បានបញ្ចេញឡានហោះចំនួន ២ ម៉ូដែល ដែលប្រើថាមពលអគ្គិសនីសុទ្ធ និងអគ្គិសនី-ហាយប្រ៊ីដ ។
បើតាមសារព័ត៌មាន VNExpress, ឡានហោះប្រើថាមពលអគ្គិសនីនេះមានឈ្មោះថា Matrix ផលិតដោយក្រុមហ៊ុនអាកាសចរណ៍ចិន AutoFlight ។ វាមានស្លាប ២០ ម៉ែត្រ តួខ្លួនប្រវែង ១៧ ម៉ែត្រ និងកម្ពស់ជាង ៣ ម៉ែត្រ ហើយត្រូវបានក្រុមហ៊ុននេះ សម្មត់ថា ជាឡានហោះប្រើថាមពលអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក ។
ឡានហោះ Matrix ដែលបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅឯកន្លែងសាកល្បងមួយកន្លែងក្នុងទីក្រុង Kunshan អាចហោះឡើង និងចុះចតបញ្ឈរ ជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រ ។
ឡានហោះនេះ ត្រូវបានរចនាឡើងជាពិសេស ដើម្បីដឹកអ្នកដំណើររហូតដល់ ១០ នាក់ ឬអាចដឹកជញ្ជូនទំនិញរហូតដល់ទម្ងន់ ១,៥០០ គីឡូក្រាម ។
បើតាមក្រុមហ៊ុន AutoFlight, ឡានហោះ Matrix នេះ ផលិតឡើងជា ២ ម៉ូដែល ដោយម៉ូដែលអគ្គិសនីសុទ្ធ អាចហោះហើរបានចម្ងាយអតិបរមាប្រហែល ២៥០ គីឡូម៉ែត្រ និងម៉ូដែលអគ្គីសនី-ហាយប្រ៊ីដ អាចហោះហើរបានចម្ងាយរហូតដល់ ១,៥០០ គីឡូម៉ែត្រ ។
យោងតាមប្រភពពីសារព័ត៌មាន Klein Vision’s AirCar, ឡានហោះ Matrix រំពឹងនឹងមានតម្លៃចន្លោះពី ៨០ ម៉ឺនដុល្លារ ដល់ ១ លានដុល្លារក្នុងមួយគ្រឿង ខណៈក្រុមហ៊ុន AutoFlight នៅមិនទាន់ទម្លាយឲ្យដឹងពីពេលវេលាដាក់លក់ឡាននេះលើទីផ្សារនៅឡើយទេ ៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា




























