តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ បានព្រមានថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នៅអាមេរិក អាចបំផ្លាញការចរចា លើកម្មវិធីនុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់។
នៅមុនពេលដែល លោក Benjamin Netanyahu ទៅដល់ទីក្រុងវ៉ាស៊ីនតោន,
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ កាលពីថ្ងៃអង្គារ ថា «ភាគីចរចារបស់យើង គឺអាមេរិក វាអាស្រ័យលើអាមេរិក ក្នុងការសម្រេចចិត្ត ធ្វើដោយឯករាជ្យ គេចចេញពីឥទ្ធិពល ដែលបំផ្លិចបំផ្លាញ ប៉ះពាល់ដល់តំបន់»។
នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ នាពេលនោះ, លោកបានអះអាងថា របប Zionist ដែលចង់សំដៅរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ជាអ្នកបំផ្លិចបំផ្លាញ ម្តងហើយម្តងទៀត ដែលមានន័យថា របបនេះ ប្រឆាំងនឹងដំណើរការការទូតណាមួយ នៅក្នុងតំបន់ ដែលប៉ុនប៉ងនាំទៅរកសន្តិភាព។
ទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានបន្តកិច្ចចរចា នៅទីក្រុង Muscat ប្រទេសអូម៉ង់ កាលពីសប្តាហ៍មុន នៅរយៈពេលជាច្រើនខែ បន្ទាប់ពីការចរចាមុនៗ ដួលរលំ ក្រោយកើតមានយុទ្ធនាការទម្លាក់គ្រាប់បែក ដែលមិនធ្លាប់មានពីមុនមក របស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន ដែលបានបង្កឱ្យមានសង្រ្គាម រយៈពេល ១២ ថ្ងៃ។
ក្រោយមក សហរដ្ឋអាមេរិកបានចូលរួម ក្នុងយុទ្ធនាការនេះ ដោយចាប់ផ្តើមការវាយប្រហារ ទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗ របស់អ៊ីរ៉ង់។ យ៉ាងណា អ៊ីរ៉ង់ បានឆ្លើយតបវិញ ដោយបានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល បាញ់ស្រោច លើអ៊ីស្រាអែល និង វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅមជ្ឈិមបូព៌ា ដែលមានទីតាំង នៅប្រទេសកាតា។
មុនពេលឡើងយន្តហោះ ទៅអាមេរិក កាលពីថ្ងៃអង្គារ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា លោកនឹងពិភាក្សា ជាមួយ ប្រធានាធិបតី អាមេរិក លោក Donald Trump ផ្តោតសំខាន់លើបញ្ហាអ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

























