ព្យុងយ៉ាង ៖ កូរ៉េខាងជើង ដែលគេស្គាល់ទូទៅថា ជាប្រទេសកុម្មុយនីស្តផ្តាច់ការបំផុតមួយក្នុងពិភពលោក បាននឹងកំពុងអនុវត្តការកាត់ទោសប្រហារជីវិតប្រជាជនខ្លួននៅទីសាធារណៈ បើសិនពួកគេហ៊ានលួចមើលប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង និងស្តាប់ចម្រៀងកូរ៉េ K-Pop នេះបើយោងតាមអង្គការសិទ្ធិមនុស្សអន្តរជាតិឈានមុខគេមួយ ។
ព័ត៌មាននេះ ចងក្រងឡើងដោយយោងតាមបទសម្ភាសន៍របស់អ្នកដែលបានរត់ភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើង នៅចន្លោះឆ្នាំ ២០១២ និង ២០២០ ដែលបានរៀបរាប់លម្អិតអំពីការផ្តន្ទាទោស ក្រោមច្បាប់ហាមឃាត់មើលប្រព័ន្ធផ្សព្វផ្សាយបរទេស ក្នុងអំឡុងបទសម្ភាសន៍ស៊ីជម្រៅជាបន្តបន្ទាប់ជាមួយអង្គការលើកលែងទោសអន្តរជាតិ ។
យោងតាមរបាយការណ៍របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង, ជនជាតិកូរ៉េខាងជើងប្រហែល ២២៤នាក់បានលួចរត់ចេញពីប្រទេសកំណើតខ្លួន ។ ក្នុងនោះស្រី ១៩៨នាក់ និងប្រុស ២៦នាក់ ។
បើតាមសារព័ត៌មាន 9news, ស្ថិតក្រោមបំរាមវប្បធម៌ និងមនោគមវិជ្ជាប្រឆាំងពីបរទេសបង្កើតឡើងក្នុងឆ្នាំ ២០២០ ពលរដ្ឋកូរ៉េខាងជើងនឹងទទួលទោសធ្វើការងារធ្ងន់ធ្ងរចាប់ពី ៥ ទៅ ១៥ឆ្នាំ ពីបទទស្សនាខ្សែភាពយន្ត ឬតន្ត្រីកូរ៉េខាងត្បូង ។ ក្នុងករណីធ្ងន់ធ្ងរ នឹងត្រូវប្រឈមមុខនូវការប្រហារជីវិតនៅទីសាធារណៈតែម្តង ។
សូមបញ្ជាក់ថា បំរាមមើលកុនកូរ៉េខាងត្បូង និងស្តាប់ចម្រៀង K-Pop គឺជាផ្នែកមួយនៃយុទ្ធនាការរបស់កូរ៉េខាងជើង ដែលមានគោលបំណងហាមឃាត់ប្រជាជនកុំឲ្យទទួលរងឥទ្ធិពលពីលោកខាងលិច ពិសេសទប់ស្កាត់ការគំរាមកំហែងដល់របបដឹកនាំរបស់គ្រួសារត្រកូល “គីម” ចាប់តាំងពីការបង្កើតកូរ៉េខាងជើងឡើងនៅឆ្នាំ ១៩៤៨ ៕
ប្រភព ៖ 9News ប្រែសម្រួល ៖ ឈឹម ទីណា
























