ប៊ែរឡាំង ៖ ក្រុមហ៊ុន TKMS របស់អាល្លឺម៉ង់ នៅថ្ងៃពុធនេះ បាប្រកាសពីមហិច្ឆតាស្រូបទាញចំណូលឱ្យបានខ្ពស់បំផុតរហូតដល់ ២២ពាន់លានដុល្លារ ពីការលក់នាវាមុជទឹក និងនាវាចម្បាំង ស្របពេលការបញ្ជាទិញ និងចក្ខុវិស័យលក់ហក់ឡើងខ្លាំង ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកំដៅ ។
បើតាមសារព័ត៌មាន CNA, ក្រុមហ៊ុនផលិតនាវាមុជទឹក និងនាវាចម្បាំងដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់មួយនេះ បាននិយាយថា សព្វថ្ងៃ ការលក់ត្រូវបានរំពឹងថា នឹងកើនឡើងចាប់ពី ២ភាគរយទៅ ៥ភាគរយនៅឆ្នាំ ២០២៦នេះ ខណៈដែលការព្យាករពីមុន មានចំនួនចន្លោះពីដក១ភាគរយទៅដក ២ភាគរយ ។
យោងតាមការលើកឡើងរបស់លោក Oliver Burkhard នាយកប្រតិបត្តិក្រុមហ៊ុន TKMS, ភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាដើមចង ធ្វើឱ្យអតិថិជនរបស់យើង មានតម្រូវការខ្លាំង ដើម្បីពង្រឹងសមត្ថភាពដែនសមុទ្រកម្រិតខ្ពស់ ។
លោកថា ការកើនឡើងតម្រូវការនេះ ក៏ដោយសារតែសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើអឺរ៉ុប ឱ្យបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ។
យោងតាមសារព័ត៌មាន Defence Blog, ប្រទេសមហាអំណាចចំនួន ៥ ដែលចំណាយលុយច្រើនជាងគេទៅលើការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គិតត្រឹមចុងឆ្នាំ ២០២៥ ក្នុងនោះរួមមាន អូស្រ្តាលី ចិន ឥណ្ឌា រុស្ស៊ី និងសហរដ្ឋអាមេរិក ។
ហើយប្រទេសមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរច្រើនជាងគេបំផុតក្នុងពិភពលោក គឺសហរដ្ឋអាមេរិក ។ ជាក់ស្តែង គិតត្រឹមចុងឆ្នាំ ២០២៥ កងទ័ពជើងទឹកអាមេរិកបានធ្វើប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររហូតដល់ ៧១គ្រឿង ៕
ប្រភព ៖ CNA និង Defence Blog ប្រែសម្រួល ៖ ឈឹម ទីណា
























