តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសសុំទោសចំពោះប្រជាជនទាំងអស់ ដែលរងផលប៉ះពាល់ដោយការតវ៉ា និងការបង្រ្កាបដ៏បង្ហូរឈាមនៅទូទាំងប្រទេសកាលពីខែមុន ។
បើតាម CNA, ការបន្ទន់ឥរិយាបថដ៏កម្រនេះធ្វើឡើងនៅចំថ្ងៃដែលអ៊ីរ៉ង់ប្រារព្ធខួបបដិវត្តន៍អ៊ីស្លាមលើកទី៤៧ នៅថ្ងៃទី១១ ខែកុម្ភៈនេះ និងស្របពេលដែលអ៊ីរ៉ង់ កំពុងស្ថិតក្នុងការចរចា ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ។
លោក Pezeshkian និយាយថា លោកដឹងពីទុក្ខសោកដ៏ធំធេងនេះ ហើយយើងសុំទោសនៅចំពោះមុខប្រជាជនដែលស្ថិតនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ទាំងនេះ ។ លោកទទូចថា ប្រទេសអ៊ីរ៉ង់ក៏មិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះដែរ ។
ការប្រកាសនេះធ្វើឡើង ចំពេលដែលអាមេរិក និងអ៊ីរ៉ង់ កំពុងចរចាលើកម្មវិធីអ៊ីរ៉ង់ ខណៈកិច្ចចរចាជុំថ្មីកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅប្រទេសអូម៉ង់ ទទួលបានលទ្ធផលជាវិជ្ជមាន ។
យ៉ាងណា លោក ដូណាល់ ត្រាំ នៅតែគំរាមប្រើកម្លាំងយោធា បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង ស្របពេលដែលអ៊ីរ៉ង់ក៏នៅតែមិនទាន់ជឿជាក់លើអាមេរិកដូចគ្នា ដោយសារតែអាមេរិកធ្លាប់វាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន យ៉ាងចាស់ដៃ កាលពីខែមិថុនា ឆ្នាំមុន ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
























