វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Trump បានប្រាប់ដោយទទូច ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា កិច្ចចរចាជាមួយអ៊ីរ៉ង់ ត្រូវតែបន្តធ្វើ។
ជាការបញ្ជាក់ជំហរប្រាប់ អំឡុងជំនួប រវាងមេដឹកនាំទាំងពីរ នៅសេតវិមាន កាលពីថ្ងៃពុធ។ លោក Trump អះអាងថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ត្រូវតែបន្ត ដោយបដិសេធការជំរុញរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សម្រាប់ជំហរតឹងរ៉ឹង ប្រឆាំងនឹងទីក្រុង Tehran ។
លោក Trump បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចប្រជុំ រយៈពេលបីម៉ោងថា «មិនមានអ្វីច្បាស់លាស់ ដែលសម្រេចបាន ក្រៅពីខ្ញុំ បានទទូច ពីការចរចាជាមួយអ៊ីរ៉ង់ ដើម្បីបន្តមើលថា តើកិច្ចព្រមព្រៀងមួយ អាចត្រូវបានបញ្ចប់ ដែរឬអត់»។
លោក Trump បាននិយាយបន្ថែម ដោយរំឮកអំពីការវាយប្រហារ កាលពីឆ្នាំមុន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបញ្ជាក់ថា «ប្រសិនបើវាអាចធ្វើបាន ខ្ញុំនឹងឱ្យ លោកនាយករដ្ឋមន្ត្រី ដឹងថា ការវាយប្រហារជាថ្មី នឹងជាការពេញចិត្តុមួយ»។
ចំពេលដែល លោក Trump ស្វែងរកការជំរុញឱ្យកម្មវិធីមីស៊ីលផ្លោង របស់សាធារណរដ្ឋអ៊ីស្លាម ត្រូវបានដាក់បញ្ចូល ក្នុងកិច្ចព្រមព្រៀងណាមួយនោះ, លោក Netanyahu បានប្រញាប់ប្រញាល់ ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំ លើកទី៧ របស់រូបលោក ជាមួយលោក Trump ចាប់តាំងពីមេដឹកនាំ សហរដ្ឋអាមេរិក រូបនេះ បានវិលត្រឡប់ មកកាន់អំណាចឡើងវិញ។
ការិយាល័យ របស់លោក Netanyahu បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា ជាមួយលោក Trump, នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាន ទទូចលើតម្រូវការសន្តិសុខរបស់រដ្ឋអ៊ីស្រាអែល ទាក់ទងនឹងការចរចា លើបញ្ហាអ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

























