បាងកក ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រឈមមុខនឹងសម្ពាធ ជុំវិញការចោទប្រកាន់ថា ខ្វះតម្លាភាព ក្នុងការរាប់សន្លឹកឆ្នោត នៅទូទាំងមណ្ឌលបោះឆ្នោត ច្រើនជាងរាប់សិបកន្លែង។
បើតាម CNA, បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ដែលត្រូវបានប្រមូលយកសម្លេងគាំទ្រដ៏ច្រើន ដោយគណបក្ស របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul, មានការបង្ហាញ ពីភាពមិនប្រក្រតី នៃ ការរាប់សន្លឹកឆ្នោត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទាំងនេះ រួមបញ្ចូល ទាំងវីដេអូ ដែលបង្ហាញ ពីសន្លឹកឆ្នោត កំពុងត្រូវបានរាប់ ក្នុងទីងងឹត, សន្លឹកឆ្នោតមិនត្រឹមត្រូវ ឬ ខូច និង ភាពមិនស្របគ្នា រវាងតួលេខដែលបានកត់ត្រា នៅការិយាល័យបោះឆ្នោត និង អ្នកដែលចូល ទៅក្នុងប្រព័ន្ធអនឡាញ របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។
អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យ Vote62 បានកត់ត្រាពាក្យបណ្តឹង ជាង៥ពាន់ នៅទូទាំងប្រទេស រួមទាំង ជាង១ពាន់ករណី ជុំវិញចំនួនសន្លឹកឆ្នោតផ្លូវការ នៅការិយាល័យបោះឆ្នោត ខុសពីតួលេខ របស់អ្នកសង្កេតការណ៍ឯករាជ្យ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។
លទ្ធផលផ្លូវការ មិនទាន់ត្រូវបានបញ្ជាក់ ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត នោះទេ ខណៈដែល ដំណើរការផ្ទៀងផ្ទាត់ ត្រូវធ្វើ ក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃបោះឆ្នោត។
លោក Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រីថៃ ដែលដឹកនាំគណបក្ស ប្រជាធិបតេយ្យ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ថា «ប្រសិនបើតម្លាភាព មិនត្រូវបានបង្ហាញឱ្យឃើញយ៉ាងឆាប់រហ័សទេ, សាធារណជន នឹងបាត់បង់ទំនុកចិត្ត»។
យ៉ាងណា លោក Phasakorn Siriphakayaporn អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយថា «ប្រសិនបើ ឧប្បត្តិហេតុកើតឡើង នៅការិយាល័យបោះឆ្នោតណាមួយ ទោះបីជាមានការខ្វះខាត អ្វីក៏ដោយ អ្នកអាចដាក់ពាក្យបណ្តឹង» ដោយលោកបញ្ជាក់ថា «យើងនឹងធានាបាននូវភាពយុត្តិធម៌»។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin បានប្រាប់ដែរថា «ប្រសិនបើការរាប់សន្លឹកឆ្នោតឡើងវិញ អាចធ្វើឲ្យចិត្តប្រជាពលរដ្ឋ មានភាពស្រណុកស្រួលចិត្តនោះ, គណៈកម្មការរៀបចំការបោះឆ្នោត គួរពិចារណា ធ្វើទៅតាមច្បាប់» ដោយលោកបញ្ជាក់ថា «រដ្ឋាភិបាល អាចរង់ចាំ ហើយបន្ត ក្នុងតួនាទី ជាអ្នកចាំផ្ទះ»៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
























