មូស្គូ ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ថ្លែងថា ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យចិនចុះសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី ទាល់តែលោកកោះហៅទាំងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន គឺអង់គ្លេស និងបារាំង មកធ្វើដូច្នោះដែរ ។
ការអត្ថាធិប្បាយរបស់ប្រមុខការទូតកំពូលរុស្ស៊ីរូបនេះ ធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសចិនកំពុងសំងំបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងគំហុក និងថា មហាយក្សនៅអាស៊ីមួយនេះ គួរតែដាក់បញ្ចូលទៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី ដែលកាន់តែទំនើប និងតឹងរ៉ឹងជាងមុន ។
នៅក្នុងសុន្ទរកថាទៅកាន់សភារុស្ស៊ី កាលពីថ្ងៃពុធ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងគោរពតាមដែនកំណត់អាវុធនុយក្លេអ៊ែរ ដែលបានកំណត់នៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធប្រល័យលោកជាមួយអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នាដែរ ។
គួរបញ្ជាក់ថា សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ New START រវាងអាមេរិក-រុស្សី ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០ និងចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ដែលរលាយសាបសូន្យកាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦នេះ ដោយសារមហាអំណាចទាំងពីរមិនព្រមបន្តសុពលភាព ។
គោលបំណងស្នូលនៃសន្ធិសញ្ញានេះ គឺការដាក់កំហិតឱ្យទាំងអាមេរិក និងទាំងរុស្ស៉ីអាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬរយៈចម្ងាយឆ្ងាយមិនឱ្យលើសពី ១៥៥០គ្រាប់។
ក្រៅពីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ, សន្ធិសញ្ញា New START ក៏កំណត់ផងដែរ ពីចំនួនមីស៊ីល និងយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលអាមេរិក និងរុស្ស៉ី អាចមានច្រើនបំផុតត្រឹម ៨០០ប៉ុណ្ណោះ ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
























