វ៉ាស៊ីនតោន ៖ ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។

ចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ មេដឹកនាំអាមេរិករូបនេះ មិនបានបែងចែកកញ្ចប់ជំនួយការពារជាតិថ្មីណាមួយ ទៅឱ្យអ៊ុយក្រែន ឬអនុវត្តតាមគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺអតីតប្រធានាធិបតីលោក Joe Biden នោះទេ ។
ផ្ទុយទៅវិញ រដ្ឋបាលលោក Trump បែរជាជ្រើសរើសការលក់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈដៃគូអង្គការណាតូទៅវិញ ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥ ម្ចាស់ជំនួយណាតូបានទិញសព្វាវុធរបស់អាមេរិកចំនួន ៤,៣៩០ លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន ។
អាវុធដែលទិញទាំងនោះ រួមមានប្រព័ន្ធបាញ់រ៉ុកែ្តតចល័តដ៏ទំនើប (HIMARS) និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាដើម ។
បើតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel បានឲ្យដឹងថា បើទោះជំនួយរបស់អាមេរិកធ្លាក់ចុះក៏ពិតមែន ប៉ុន្តែជំនួយយោធារបស់អឺរ៉ុបទៅកាន់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ បានកើនឡើងរហូតដល់ ៦៧% ខណៈជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុក៏បានកើនឡើងដល់ ៥៩% ផងដែរ ។
យោងតាមសារព័ត៌មាន kyiv independent, ការកើនឡើងជំនួយយោធាអឺរ៉ុប បានជួយជាកម្លាំងដល់អ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈដែលសង្គ្រាមស៊ីសាច់ហុតឈាមរវាងគូជម្លោះទាំងពីរជិតឈានដល់ខួប ៤ ឆ្នាំទៅហើយ ។
យ៉ាងណា ជំនួយគាំទ្រផ្នែកយោធាសរុបសម្រាប់អ៊ុយក្រែន បានធ្លាក់ចុះដល់ទៅ ១៣% ពោលគឺទាបជាងមធ្យមភាគប្រចាំឆ្នាំ នៅចន្លោះឆ្នាំ ២០២២ និង ២០២៤ ៕
ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

























