ហ្ស៊េរុយសាឡិម ៖ នាយរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយថា លោក Trump ជឿជាក់ពីការបង្កើតលក្ខខណ្ឌ សម្រាប់កិច្ចព្រមព្រៀងល្អ ជាមួយអ៊ីរ៉ង់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិក ជាលើកទី៧ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង កាលពីដើមឆ្នាំមុន។
មុនពេលឡើងយន្តហោះ ចាកចេញពីទីក្រុងវ៉ាស៊ីនតោន ត្រលប់ទៅអ៊ីស្រាអែលវិញ កាលពីថ្ងៃព្រហស្បតិ៍ លោក Benjamin Netanyahu បានប្រាប់អ្នកសារព័ត៌មាន ពីការជឿជាក់របស់លោកត្រាំ បែបនេះ បើទោះបីជាលោក នៅតែសង្ស័យអំពី គុណភាពនៃកិច្ចព្រមព្រៀងក៏ដោយ។
មេដឹកនាំអ៊ីស្រាអែល ជើងខ្លាំងធ្វើសង្គ្រាមរូបនេះ បានរៀបរាប់ថា «លោកប្រធានាធិបតីជឿជាក់ថា អ៊ីរ៉ង់បានដឹងរួចហើយថា ពួកគេកំពុងដោះស្រាយ ជាមួយនរណា»។ លោកបានបន្ថែមថា «គាត់ជឿជាក់ថា លក្ខខណ្ឌដែលគាត់កំពុងបង្កើត បូករួមជាមួយនឹងការពិតដែលថា ពួកគេប្រាកដជាយល់ថា បានធ្វើខុស កាលពីលើកមុន នៅពេលដែលពួកគេ មិនបានឈានដល់លក្ខខណ្ឌ សម្រាប់ការសម្រេចបាន នូវ កិច្ចព្រមព្រៀងដ៏ល្អមួយ»។
យ៉ាងណា លោក Netanyahu អះអាងទៀតថា «ខ្ញុំនឹងមិនលាក់បាំង ពីអ្នកទាំងអស់គ្នាទេថា ខ្ញុំបង្ហាញការសង្ស័យ ជាទូទៅ ទាក់ទងនឹងគុណភាព នៃកិច្ចព្រមព្រៀងណាមួយ ជាមួយអ៊ីរ៉ង់»។ ត្រង់នេះ លោកបញ្ជាក់ថា «កិច្ចព្រមព្រៀងណាមួយ ត្រូវតែរួមបញ្ចូលធាតុ ដែលមានសារៈសំខាន់ខ្លាំង តាមទស្សនៈរបស់យើង»។
លោក Netanyahu បានបន្ត ដោយប្រាប់ពីបញ្ជីកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់ប្រទេសនេះ សម្រាប់ក្រុមសកម្មប្រយុទ្ធ ដូចជា ចលនាប៉ាឡេស្ទីន Hamas, ក្រុមឧទ្ទាម Houthi នៅយេម៉ែន និងក្រុម Hezbollah នៅលីបង់។ លោកបានសង្កត់ធ្ងន់ថា «វាមិនមែនត្រឹមតែបញ្ហានុយក្លេអ៊ែរទេ»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
























