ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey និយាយថា សម្ព័ន្ធមិត្តលោកខាងលិច បានសន្យាផ្តល់ជំនួយយោធាប្រមាណ ៣៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅឆ្នាំ ២០២៦នេះ ។
កញ្ចប់ថវិការនេះ បូកបន្ថែមពីលើការសន្យាពីមុនរបស់សម្ព័ន្ធមិត្តអ៊ុយក្រែនមានចំនួន ១៣,៦ ពាន់លានដុល្លារ ដែលបានប្រកាសរួចហើយដោយប្រទេសអាល្លឺម៉ង់ នេះបើតាមសម្តីពីអ្នកការទូតម្នាក់នៅអង្គការណាតូ ។
លោក Healey បាននិយាយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា យើងនឹងបង្កើនជំនួយយោធាដល់អ៊ុយក្រែន ហើយយើងក៏នឹងបង្កើនសម្ពាធលើរុស្ស៊ីផងដែរ ។
នៅឆ្នាំ ២០២៥ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន រៃអង្គាសប្រាក់សរុបបានប្រហែល ៤៥ ពាន់លានដុល្លារជាជំនួយយោធាសម្រាប់អ៊ុយក្រែន ។
សូមរម្លឹកថា ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។
ចំណែកការកើនឡើងជំនួយយោធាអឺរ៉ុប បានជួយជាកម្លាំងដល់អ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈដែលសង្គ្រាមស៊ីសាច់ហុតឈាមរវាងគូជម្លោះទាំងពីរជិតឈានដល់ខួប ៤ ឆ្នាំទៅហើយ ។
យ៉ាងណា ជំនួយគាំទ្រផ្នែកយោធាសរុបសម្រាប់អ៊ុយក្រែន បានធ្លាក់ចុះដល់ទៅ ១៣% ពោលគឺទាបជាងមធ្យមភាគប្រចាំឆ្នាំ នៅចន្លោះឆ្នាំ ២០២២ និង ២០២៤ ៕


ប្រភព ៖ AFP និង kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា
























