ប៉េកាំង ៖ ចិនចោទប្រកាន់អាមេរិកវិញថា កំពុងព្យាយាមរកលេសចាប់ផ្ដើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់គ្មានភស្តុតាងថា ទីក្រុងប៉េកាំង បានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ កាលពីឆ្នាំ២០២០ ។
ការចោទប្រកាន់របស់ចិន កើតឡើងបន្ទាប់ពីលោក Thomas DiNanno អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានប្រាប់វេទិការំសាយអាវុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីសប្តាហ៍មុនថា ប្រទេសចិនបានសាកល្បងអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធថា ការចោទប្រកាន់របស់អាមេរិក ដែលថា ចិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០២០ គឺ គ្មានមូលដ្ឋានជាក់ស្តែងទាល់តែសោះ ។
លោកថា ចិនប្រឆាំងនឹងការបង្កើតលេសរបស់អាមេរិក ដែលគ្រាន់តែជាការប៉ុនប៉ងរបស់ខ្លួន ក្នុងការចាប់ផ្ដើមការសាកល្បងនុយក្លេអ៊ែរឡើងវិញប៉ុណ្ណោះ ។
លោកបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិក គឺជាអ្នករំខានដ៏ធំបំផុត ចំពោះសណ្តាប់ធ្នាប់នុយក្លេអ៊ែរអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រសកល ។
យោងតាមរបាយការណ៍កាលពីឆ្នាំមុន របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុល បានឲ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥,៤៥៩គ្រាប់ និងសហរដ្ឋអាមេរិកចំនួន ៥,១៧៧គ្រាប់ ។ រីឯចិនឈរនៅលំដាប់ទី៣ មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦០០គ្រាប់ ៕


ប្រភព ៖ South china morning post និង ប្រែសម្រួល ៖ ឈឹម ទីណា
























