ញូវដែលី ៖ ដោយចាត់ទុកការរក្សាអំណាចផ្លូវអាកាស គឺជាអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន ប្រទេសឥណ្ឌាបានជះលុយរាប់ពាន់លានដុល្លារមិនញញើតដៃ ដើម្បីសម្រុកទិញយន្តហោះចម្បាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ ។

តួយ៉ាង គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទើបតែបានអនុម័តបឋម សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែមទៀត និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្ររបស់អាមេរិក នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិឥណ្ឌា ។

ការទិញយន្តហោះចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់បញ្ជាទិញគ្រឿងសព្វាវុធការពារជាតិ ដែលមានតម្លៃប្រហែល ៣៩,៧ពាន់លានដុល្លារ ។
មន្ត្រីឥណ្ឌាម្នាក់បានទម្លាយប្រាប់សារព័ត៌មាន AP ថា ក្រុមប្រឹក្សាទិញឧបករណ៍យោធា ដែលដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានអនុម័តលើការបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួន ១១៤គ្រឿង ពីបារាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ P-8I ចំនួន ៦គ្រឿង ពីសហរដ្ឋអាមេរិក។
មកទល់ពេលនេះ ប្រទេសឥណ្ឌាមានកងអនុសេនាធំនៃយន្តហោះចម្បាំង Rafale ចំនួនពីររួចហើយ និងកំពុងដំណើរការយន្តហោះល្បាតប៊ូអ៊ីង P-8I សម្រាប់ឈ្លបយកការណ៍នៅតំបន់មហាសមុទ្រឥណ្ឌាផងដែរ ។
ប៉ុន្តែកាលពីឆ្នាំមុន ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយចំនួន ២៦គ្រឿង សម្រាប់កងទ័ពជើងទឹកផងដែរ ។ បច្ចុប្បន្ន កងទ័ពអាកាសឥណ្ឌា មានកងអនុសេនាធំនៃយន្តហោះចម្បាំងចំនួន ២៩កង ហើយកងអនុសេនាធំនីមួយៗមានយន្តហោះចម្បាំងពី ១៦ ទៅ ១៨ គ្រឿង ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

























