នីកូស៊ី ៖ ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីបលោក Khassim Diagne និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមួកខៀវរបស់រុស្ស៊ីបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើបេសកកម្មរក្សាសន្តិភាព ។
ការលលើកឡើងពីសំណាក់តំណាង UN រូបនេះធ្វើឡើង ក្នុងពីធីប្រគល់មេដាយ ជូនដល់ទាហាន មកពី ១២ ប្រទេស រួមមាន រុស្ស៊ី អូទ្រីស អាហ្សង់ទីន បង់ក្លាដែស ប្រេស៊ីល ចក្រភពអង់គ្លេស ហុងគ្រី កាណាដា ម៉ុងហ្គោលី ប៉ារ៉ាហ្គាយ ស៊ែប៊ី និង ស្លូវ៉ាគី ។
លោក Diagne និយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទ័ពមួកខៀវរុស្ស៊ីនៅក្នុងកងកម្លាំងអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីប ហៅកាត់ UNFICYP បានបំពេញមុខងារផ្សេងៗ ប្រកបដោយការប្តេជ្ញាចិត្ត, ការលះបង់ ជាមួយនឹង ការរួមចំណែកដ៏ខ្លាំងក្លារបស់ពួកគេ ។
បើតាមទីភ្នាក់ងារព័ត៌មាន TASS, បេសកកម្មទាំងនេះ មានដូចជា ការតាមដានបទឈប់បាញ់, គ្រប់គ្រងតំបន់ការពារ ដែលបំបែកដោយតួកគី និងស៊ីប, ក្រិក និង ស៊ីប ព្រមទាំង ចូលរួមក្នុងសកម្មភាពអន្តរសហគមន៍ និង ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព នៅប្រទេស ស៊ីបជាដើម ។
ជាមួយគ្នានេះ លោក Murat Zyazikov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស៊ីបក៏បានលើកឡើងដែរថា ទាហាន និងមន្រ្តីប៉ូលិសរុស្ស៊ី កំពុងបំពេញភារកិច្ច ជាផ្នែកមួយ របស់ UNFICYP ប្រកបដោយឧត្តមភាព ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
























