ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានប្រកាសពីផែនការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់អាត្លង់ទិកខាងជើងនៅឆ្នាំនេះ ដើម្បីបញ្ចេញសាច់ដុំយោធាដ៏មានឥទ្ធិពល ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅតំបន់ប៉ូលអាកទិក ។
ពាក់ព័ន្ធនឹងផែនការនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់សន្និសីទសន្តិសុខទីក្រុងមុយនិក កាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់អាត្លង់ទិកខាងជើង និងតំបន់ភាគខាងជើងខ្ពស់នៅឆ្នាំនេះ ។
លោកថា បេសកកម្មនេះ នឹងដឹកនាំដោយនាវាចម្បាំង HMS Prince of Wales ដោយធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក កាណាដា និងសម្ព័ន្ធមិត្តណាតូដទៃទៀត ក្នុងគោលបំណងការពារសន្តិសុខអឺរ៉ុប-អាត្លង់ទិក ។
បើតាមក្រសួងការពារជាតិអង់គ្លេស, ក្រុមនាវាផ្ទុកយន្តហោះចម្បាំងនោះ រួមមាននាវាចម្បាំង យន្តហោះចម្បាំងបំបាំងកាយ F-35 និងឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើនគ្រឿង ដើម្បីចូលរួមប្រតិបត្តិការមានឈ្មោះថា “Operation Firecrest” ។
ក្រសួងបន្ថែមថា បេសកកម្មរួមគ្នារវាងសម្ព័ន្ធមិត្តណាតូនេះទៀតសោត ក៏មានការចូលរួមពីកងទ័ពរាប់ពាន់នាក់ ដែលមកពីកងកម្លាំងជើងគោក ជើងទឹក និងជើងអាកាសផងដែរ ។
គួរបញ្ជាក់ថា ប្រតិបត្តិការ “Operation Firecrest” ធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានព្រមានធ្ងន់ៗថា រុស្ស៊ី និងចិន កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញអំណាចយោធា និងសេដ្ឋកិច្ចនៅតំបន់ប៉ូលអាកទិក ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

























