ស៊ីដនី ៖ ប្រទេសអូស្ត្រាលីគ្រោងចំណាយលុយដល់ទៅ ២,៧៦ពាន់លានដុល្លារ សាងសង់រោងចក្រថ្មីមួយ ដើម្បីជំរុញការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ស្ថិតក្រោមសន្ធិសញ្ញាសន្តិសុខត្រីភាគី ហៅកាត់ AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ។
បើតាមសារព័ត៌មាន The Star ចេញផ្សាយថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ការវិនិយោគនេះ នឹងចំណាយទៅលើការសាងសង់រោងចក្រផលិតនាវាថ្មីនៅតំបន់ Osborne ដែលជាតំបន់ជាយក្រុង Adelaide ក្នុងរដ្ឋ South Australia ។
បើតាមលោកនាយករដ្ឋមន្រ្តី Albanese, ការវិនិយោគលើរោងចក្រថ្មីនេះ មានសារៈសំខាន់ខ្លាំង ក្នុងការដឹកជញ្ជូនទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាបំពាក់ដោយអាវុធធម្មតារបស់អូស្ត្រាលី ។
សន្ធិសញ្ញា AUKUS មានគោលបំណងបំពាក់នាវាមុជទឹកទំនើបៗដល់ប្រទេសអូស្រ្តាលី ក្រោមជំនួយបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ។ នាវាមុជទឹកទាំងនេះ នឹងចាប់ផ្តើមចែកចាយនៅឆ្នាំ ២០៣២ ។
នាវាមុជទឹកនុយក្លេអ៊ែរ គឺជាយុទ្ធសាស្រ្តស្នូលរបស់អូស្រ្តាលី ក្នុងការកែលម្អសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅតំបន់ប៉ាស៊ីហ្វិក ជាពិសេសប្រឆាំងនឹងប្រទេសចិន ។
តាមរយៈកិច្ចព្រមព្រៀងផលិតនាវាមុជទឹកទំនើបៗ អូស្រ្តាលីអាចនឹងចំណាយលុយរហូតដល់ ២៣៥ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ហើយក៏រួមបញ្ចូលទាំងបច្ចេកវិទ្យា ដើម្បីសាងសង់នាវាមុជទឹកផ្ទាល់ខ្លួននាពេលអនាគតផងដែរ ៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា


























