តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ចាប់ផ្តើមបញ្ចេញសាច់ដុំយោធាជើងទឹក ក្នុងដំណាក់កាលសំខាន់ នៅច្រកសមុទ្រហ័រមូស ដើម្បីកំញើញសហរដ្ឋអាមេរិក ខណៈពេលដែលនាវា និងយន្តហោះចម្បាំងរបស់មហាអំណាចពិភពលោកមួយនេះ កំពុងរំកិលមកកាន់តែកៀកប្រទេសខ្លួន ។
សមយុទ្ធនេះមានឈ្មោះថា “ការគ្រប់គ្រងដ៏ឆ្លាតវៃនៃច្រកសមុទ្រហ័រមូស” មានការចូលរួមពីកងកម្លាំងកងទ័ពជើងទឹកនៃកងឆ្មាំ IRGC ស្ថិតក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងពីមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ លោក Mohammad Pakpour ។
គោលបំណងសំខាន់នៃល្បែងសង្គ្រាមនេះ គឺការវាយតម្លៃក្នុងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹក IRGC ការត្រួតពិនិត្យសមត្ថភាពឡើងវិញ ការអនុវត្តផែនការសន្តិសុខ និងសេណារីយ៉ូឆ្លើយតបដោយកម្លាំងយោធារបស់កងឆ្មាំ IRGC នៅចំពោះមុខការគំរាមកំហែងសន្តិសុខ និងយោធានៅច្រកសមុទ្រហ័រមូស ។
ជាពិសេស ការទាញយកអត្ថប្រយោជន៍ភូមិសាស្ត្រនយោបាយ ដោយឆ្លាតវៃនៅឈូងសមុទ្រពែរ្ស និងសមុទ្រអូម៉ង់ ក៏ដូចជាការហាត់ហ្វឹកហ្វឺនស៊ើបការណ៍សម្ងាត់ និងពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរបស់អង្គភាពពាក់ព័ន្ធនឹងសមយុទ្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។
ការបញ្ចេញសាច់ដុំយោធាចុងក្រោយនេះ កើតឡើងចំពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែពុះកញ្ជ្រោលខ្លាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោនសម្រុកបញ្ជានាវា និងយន្តហោះចម្បាំងទៅកាន់តែកៀកប្រទេសអ៊ីរ៉ង់ ទោះបីគណៈប្រតិភូមកពីទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងធ្វើកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទីពីរនៅទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារនេះក៏ដោយ ៕
ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា





























