ម៉ិកស៊ិកូ ៖ ម៉ិកស៊ិក និង កាណាដា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ចំពេលដែលប្រទេសទាំងពីរមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ។
គណៈប្រតិភូពាណិជ្ជករ របស់ប្រទេស កាណាដា ជិត៤០០នាក់ បានទៅជួបជាមួយមេដឹកនាំវិស័យឯកជន នៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីស្វែងរកឱកាសវិនិយោគ ជាមួយនឹងសន្តិសុខ កាន់តែច្រើន សម្រាប់ក្រុមហ៊ុនរបស់ពួកគេ។
លោក Dominic LeBlanc រដ្ឋមន្ត្រី កាណាដា ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បាននិយាយថា «វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តទំនាក់ទំនងដ៏រឹងមាំ និងអាចទុកចិត្តបានដែលកាណាដា និងម៉ិកស៊ិកមាន»។
បើតាម AFP, នេះគឺជា បេសកកម្មដ៏ធំបំផុតមួយ របស់ភាគីកាណាដា ដែលមិនធ្លាប់មាន ទៅកាន់ទឹកដីម៉ិកស៊ិក ហើយក៏ចំពេលមានភាពតានតឹង ដែលបង្កឡើងដោយការគំរាមកំហែងពន្ធគយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ព្រឹតិ្តការណ៍នេះ ក៏កើតមានឡើង ស្របពេលដែលប្រទេសកាណាដា និងម៉ិកស៊ិក រួមជាមួយនឹងសហរដ្ឋអាមេរិក កំពុងពិនិត្យមើលឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ហៅកាត់ USMCA៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
























