ប៊ុយដាប៉េស ៖ ហុងគ្រី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរស៊ីវិលមួយ ដើម្បីពង្រឹងសន្តិសុខថាមពល និងផ្តល់តម្លៃថាមពលក្នុងតម្លៃសមរម្យដល់ពលរដ្ឋ ។
កិច្ចព្រមព្រៀងនេះធ្វើឡើងអំឡុងពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio មកបំពេញទស្សនកិច្ចនៅរដ្ឋធានីប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និយាយថា បន្ថែមពីលើកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងការដកទណ្ឌកម្មដែលអាមេរិកដាក់កន្លងមកផងដែរ ក្នុងគោលបំណងពង្រឹងសន្តិសុខថាមពលហុងគ្រី និងគាំទ្រដល់សមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជន និងផ្នែកឧស្សាហកម្ម ។
មេដឹកនាំហុងគ្រីរូបនេះបន្ថែមថា ប្រទេសខ្លួននៅតែរក្សាវិធីសាស្រ្តបើកចំហ និងមានតម្លាភាពជាមួយដៃគូនានា រួមទាំងសហរដ្ឋអាមេរិក ហើយថា ភាពតានតឹងនានា គួរតែដោះស្រាយតាមផ្នែកការទូតដោយផ្ទាល់ ។
រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ធ្វើឡើងក្រោយមានការពិភាក្សាគ្នារវាងលោកប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្រ្តី Orban នៅឯសេតវិមាន កាលពីខែវិច្ឆិកា ។
បើតាមប្រមុខការទូតអាមេរិករូបនេះ, ទីក្រុងវ៉ាស៊ីនតោនបានផ្អាកវិធានការដាក់ទណ្ឌកម្មមួយចំនួនលើហុងគ្រី ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះអាចធ្វើកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគីបន្ថែមទៀតនាពេលអនាគត ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
























