ញូវ ដែល្លី ៖ បារាំង រំពឹងថា នឹងលក់យន្តហោះចម្បាំង Dassault Rafale ឲ្យឥណ្ឌា បានជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោកប្រធានាធិបតី Emmanuel Macron នៅទីក្រុង ញូវ ដែល្លី ដែលចាប់ផ្តើម នៅថ្ងៃអង្គារនេះ។
ការសម្លឹងឃើញដូច្នេះ កើតមានឡើង ស្របពេលដែល ទីក្រុង ញូវ ដែលី បានបញ្ជាក់ថា
ខ្លួនមានបំណង បញ្ជាទិញយន្តហោះប្រភេទនេះ ក្នុងចំនួនដ៏ច្រើន ស្របពេលដែល ឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាប្រវត្ថិសាស្ត្រ ជាមួយអឺរ៉ុប ក្នុងខែមករា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ កាលពីសប្តាហ៍មុនថា ពិតជាត្រូវទិញយន្តហោះចម្បាំង ទាំងនេះមែន ប៉ុន្តែ មិនបានបញ្ជាក់ចំនួនពិតប្រាកដ។ យ៉ាងណា ប្រភពព័ត៌មាននានា បានឲ្យដឹងថា ទំនងជាមាន ចំនួន ១១៤គ្រឿង ក្នុងតម្លៃ ៣៥ពាន់លានដុល្លារអាមេរិក។
បើតាម Barrons, ទស្សនកិច្ច របស់លោក Emmanuel Macron មានរយៈពេល ៣ថ្ងៃ ហើយជាដំណើរទស្សនកិច្ចលើកទី៤ ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពី លោកប្រធានាធិបតីបារាំង រូបនេះ ឡើងកាន់តំណែង ក្នុងឆ្នាំ២០១៧ ។ ក្រៅពីយោធា,
កិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតក៏ជាប្រធានបទសំខាន់ដែរ ក្នុងនោះ លោក ម៉ាក្រុង គ្រោងចូលរួមកិច្ចប្រជុំកំពូល ស្តីពី បញ្ញាសិប្បនិមិត្តរៀបចំធ្វើក្នុងប្រទេសឥណ្ឌា នៅថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍។
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ដែលត្រូវជួបលោក Macron នៅថ្ងៃអង្គារនេះ បាននិយាយថា លោកមានទំនុកចិត្តថា ការពិភាក្សាទ្វេភាគី នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយលោក ហៅមេដឹកនាំបារាំងរូបនេះ ថា «មិត្តជាទីស្រឡាញ់» ៕
ប្រភពពី Barrons ប្រែសម្រួល៖ សារ៉ាត
























