ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលនឹងដាក់ឱសានវាទរយៈពេល ៦០ថ្ងៃ បង្ខំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រំសាយអាវុធទាំងស្រុង បើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងវិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាវិញ ។
លោក Yossi Fuchs ជាប្រធានទទួលបន្ទុកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ក្រុមភេរវករត្រូវតែបោះបង់ចោលអាវុធតូចៗ រួមទាំងកាំភ្លើង AK-47 ជាផ្នែកមួយនៃដំណើរការរំសាយអាវុធ ។
ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ីស្រាអែលទុកពេល ៦០ថ្ងៃ ដើម្បីឱ្យក្រុមហាម៉ាស់រំសាយអាវុធ ហើយអ៊ីស្រាអែលយល់អនុវត្តតាម ។
លោកថា ក្នុងអំឡុងពេលនោះ ក្រុមហាម៉ាស នឹងត្រូវបោះបង់ចោលអាវុធទាំងអស់របស់ខ្លួន រួមទាំងកាំភ្លើងវែងផងដែរ ដោយអះអាងថា អ៊ីស្រាអែល នឹងរឹបអូសយកកាំភ្លើង AK-47 របស់ក្រុមភេរវករនេះទាំងស្រុង ។
ឱសានវាទរបស់អ៊ីស្រាអែល ធ្វើឡើងមុនពេលក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកប្រធានាធិបតី ត្រាំ នឹងបើកកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ។
លោក ត្រាំ ថា សមាជិកសន្យាផ្តល់ជំនួយ ៥ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញក្រោយសង្គ្រាម និងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ពិសេសប្តេជ្ញារំសាយអាវុធរបស់ក្រុមហាម៉ាស ៕
ប្រភព ៖ Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា
























