តេហេរ៉ង់ ៖ នាវាចម្បាំង Stoikiy របស់រុស្ស៊ី កាលពីថ្ងៃពុធ បានចូលចត នៅមូលដ្ឋានទ័ពជើងទឹក Bandar Abbas របស់អ៊ីរ៉ង់ ត្រៀមសម្រាប់ការធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ។

តេហេរ៉ង់ ៖ នាវាចម្បាំង Stoikiy របស់រុស្ស៊ី កាលពីថ្ងៃពុធ បានចូលចត នៅមូលដ្ឋានទ័ពជើងទឹក Bandar Abbas របស់អ៊ីរ៉ង់ ត្រៀមសម្រាប់ការធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងតេហេរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ និង រុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹក នៅសមុទ្រអូម៉ង់ និង នៅភាគខាងជើង នៃមហាសមុទ្រឥណ្ឌា នៅថ្ងៃទី១៩ ខែកុម្ភៈ ពោលគឺបន្ទាប់ពីការបញ្ចប់ជុំចុងក្រោយ នៃ កិច្ចចរចា រវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ទីភ្នាក់ងារព័ត៌មាន ISNA បានរាយការណ៍ ដោយដកស្រង់សម្តី របស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ឲ្យដឹងថា សមយុទ្ធនេះ ធ្វើឡើង ក្នុងគោលបំណង គឺ ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ តែ មិនបានបញ្ជាក់ អំពីរយៈពេល នៃ ការធ្វើសមយុទ្ធ នោះទេ។
យ៉ាងណា សមយុទ្ធនេះ ធ្វើឡើង ចំពេលដែល នាវាខ្នាតយក្សរបស់អាមេរិក USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន។ អាមេរិក ក៏ត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូននាវាចម្បាំង USS Gerald R Ford ដែលជានាវាចម្បាំងដ៏ធំបំផុត របស់ពិភពលោក ទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ ដែលអាចនឹង ទៅដល់ទីនោះ ក្នុងរយៈពេល ៣ សប្តាហ៍ ខាងមុខ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

