តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតព្រមានមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យរូតរះចូលធ្វើអន្តរាគមន៍ កុំឲ្យផ្ទុះសង្គ្រាមដ៏មហន្តរាយទាន់ពេលវេលា ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតព្រមានមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យរូតរះចូលធ្វើអន្តរាគមន៍ កុំឲ្យផ្ទុះសង្គ្រាមដ៏មហន្តរាយទាន់ពេលវេលា ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu ។
ក្នុងលិខិតដែលអ៊ីរ៉ង់ផ្ញើទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានរ៉ាយរ៉ាប់ថា អ៊ីរ៉ង់បានជំរុញឲ្យលោកអគ្គលេខាធិការ Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខអង្គការសន្តិសុខ មានសកម្មភាពជាបន្ទាន់ និងកុំបង្អង់យូរដើម្បីការពារសង្គ្រាមកុំឲ្យផ្ទុះឡើង ។
អ៊ីរ៉ង់ បានពណ៌នាការគំរាមកំហែង របស់អាមេរិកថា ជាសញ្ញា ហានិភ័យពិតប្រាកដ នៃការឈ្លានពានខាងយោធា ដែលជាផលវិបាកដ៏មហន្តរាយ សម្រាប់តំបន់ ព្រមទាំង គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ។
បើតាមលិខិតនេះដដែល, អ៊ីរ៉ង់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះដំណោះស្រាយ ដោយគោរពគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ហើយបានចូលរួម ក្នុងន័យស្ថាបនា ប្រកបដោយភាពម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ អ៊ីរ៉ង់ និយាយម្តងហើយម្តងទៀតថា ខ្លួនមិនចង់បានសង្រ្គាមនោះទេ ហើយក៏មិនចាប់ផ្តើមសង្រ្គាមណាមួយឡើយ ប៉ុន្តែ អ៊ីរ៉ង់ព្រមានថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ ពីសំណាក់យោធាអាមេរិក ជាពិសេសទីក្រុងវ៉ាស៊ីនតោន នឹងទទួលខុសត្រូវពេញលេញ និងដោយផ្ទាល់ សម្រាប់ផលវិបាកនានា ។
ការព្រមានរបស់អ៊ីរ៉ង់កើតមានឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពិចារណាវាយប្រហារយោធាលើអ៊ីរ៉ង់ ដើម្បីបង្ខំឲ្យទីក្រុងតេហេរ៉ង់បំពេញតាមការទាមទារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។
បើកាសែត Wall Street Journal, ប្រសិនបើអ៊ីរ៉ង់នៅតែបដិសេធមិនគោរពតាមការណែនាំរបស់លោក ត្រាំ ក្នុងការបញ្ចប់ការចម្រាញ់នុយក្លេអ៊ែររបស់ខ្លួនទេនោះ សហរដ្ឋអាមេរិកនឹងឆ្លើយតបជាមួយនឹងយុទ្ធនាការទ្រង់ទ្រាយប្រឆាំងនឹងទីតាំងរបស់អ៊ីរ៉ង់ ។
ជាក់ស្ដែង សហរដ្ឋអាមេរិកបានបង្កើនសម្ពាធយោធារបស់ខ្លួនលើអ៊ីរ៉ង់ រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ។ លោក ត្រាំ និយាយថា ប្រជាជនអ៊ីរ៉ង់នឹងដឹងក្នុងរយៈពេលប្រហែល ១០ ថ្ងៃទៀតថាតើសហរដ្ឋអាមេរិកនឹងជ្រើសរើសផ្លូវណា ក្នុងករណីដែលអ៊ីរ៉ងមិនឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
